ប្រទេសកូរ៉េ៖ លោក បណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា និងជាប្រធាសខេមរហព័ន្ធកីឡាតេក្វាន់ដូ WTF បានដឹកនាំប្រតិភូ ក្រសួង និង គ្រូបង្វឹកកីឡាតេក្វាន់ដូកម្ពុជា ទៅបំពេញទស្សនកិច្ចតបតាមការអញ្ជើញរបស់ប្រធានសមាគមនកីឡាគុកគីវ៉ុនពិភពលោក នៅសាធារណកូរ៉េ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ អមដំណើរដោយលោកស្រី គឹម សេដ្ឋានី រដ្ឋលលេខាធិការ ហើយដំណើរទស្សនកិច្ចនេះ បានទទួលបានការស្វាគមន៍យ៉ាងកកក្តៅពីសំណាក់លោកឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ និងមន្ត្រីជាន់ខ្ពស់របស់ គុកគីវ៉ុន(Kukkiwon)ផងដែរ ។
តាមសេចក្តីរាយការណ៍ របស់ប្រតិភូអមដំណើរ លោករដ្ឋមន្ត្រីបានឲ្យដឹងថា ដំណើរបំពេញទស្សនកិច្ច របស់លោក បណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា និងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េនេះ ដើម្បីទៅហ្វឹកហាត់កីឡាតេក្វាន់ដូWTFជាពិសេសមួយ តបតាមការអញ្ជើញ របស់ប្រធានសមាគមនកីឡាគុកគីវ៉ុនពិភពលោក(Kukkiwon) ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ច របស់លោករដ្ឋមន្ត្រីនេះ ក៏បានជួបពិភាក្សាការងារជាមួយ មន្ត្រីជាន់ខ្ពស់សំខាន់ៗរបស់សមាគមនកីឡាគុកគីវ៉ុន និងសំណេះសំណាលជាមួយអត្តពលិកកីឡាតេក្វាន់ដូកម្ពុជា ដែល គុកគីវ៉ុនបានទទួលឲ្យទៅហ្វឹកហាត់បំប៉នបច្ចេកទេស តាមផែនការរបស់ខេមរសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជាក្នុងបំណងជំរុញផែនការយុទ្ធសាស្ត្រ ស្របតាមការវិវត្តន៍ថ្មីៗក្នុងវិស័យកីឡាតេក្វាន់ដូ ពិភពលោក ដែលចូលរួម ប្រកួតប្រជែងនានា ប្រកដដោយសក្តានុពល អាចនាំយកមេដាយជូនប្រទេសជាតិ។ ដោយឡែកលោក រដ្ឋមន្ត្រីប្រធានខេមរសហព័ន្ធ និងលោកស្រី គឹម សេដ្ឋានី បានហ្វឹកហាត់កីឡាតេក្វាន់ដូពិសេសរយៈពេលខ្លី និងទទួលបានការបំពាក់ខ្សែក្រវាត់ចំនួន២ដាន់ពីព្រឹទ្ធាចារ្យកីឡាគុកគីវ៉ុនពិភពលោកផងដែរ ។
ចំពោះជំនួបពិភាក្សា រវាងលោករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា និង ប្រធានសមាគមកីឡាគុកគីវ៉ុនពិភពលោកនាឱកាសបំពេញទស្សនកិច្ចនោះ ភាគីគុកគីវ៉ុនពិភពលោក បានស្នើសុំលោករដ្ឋមន្ត្រីក្រសួងអប់រំ ពិនិត្យលទ្ធភាពដើម្បីដាក់បញ្ជូលប្រភេទកីឡាតេក្វាន់ដូ WTF ចូលក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជន និងកីឡាកម្ពុជាផង ។ តបតាមការស្នើរបស់ប្រធានកីឡាគុកគីវ៉ុននេះដែរ លោករដ្ឋមន្ត្រីបានសន្យាថា និងរៀបចំដាក់ប្រភេទកីឡាតេក្វាន់ដូ WTF ចូលក្នុងកម្មវិធីអប់រំកាយនិងកីឡារបស់កម្ពុជាក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យសិស្សានុសិស្សកម្ពុជាបានហ្វឹកហាត់នៅតាមសាលារដ្ឋទូទាំងប្រទេសផងដែរ៕ សារីម