ខេត្តពោធិ៍សាត់៖ នាព្រឹកទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមការងារកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងជាតំណាងដ៍ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទប្រទេស បាននាំយកថវិកាជិត ៤០លានរៀល របស់មូលនិធិ មហាគ្រួសារកងរាជអាវុធហត្ថ ទៅជូនក្រុមគ្រួសារសព លោក វរសេនីយ៍ត្រី ញឹក បាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តៀង។
គួររំលឹកថា៖ លោក វរៈសេនីយ៍ត្រី ញឹក បាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្ដៀងបានទទួលមរណៈភាព កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងបន្ទប់ធ្វើការរបស់គាត់ នៃទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្ដៀងដោយរោគាពាធ លោក វរៈសេនីយ៍ត្រី ញឹក បាន មានទីលំនៅបច្ចុប្បន្ន នៅភូមិកែវសុវណ្ណ សង្កាត់បន្ទាយដី ក្រុង,ខេត្តពោធិ៍សាត់។
លោក ឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន ក៏បានពាំនាំនូវការចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំពីចម្ងាយ និងការផ្ដាំផ្ញើរសួរសុខទុក ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា ទៅកាន់ក្រុមគ្រួសារសព និងបានគូសបញ្ជាក់ជូនគ្រួសារសពថា ដោយមើលឃើញពីគុណសម្បត្តិ របស់លោកវរសេនីយ៍ត្រី ញឹក បាន ដែលបានខិតខំបំពេញកិច្ចការងារជូនប្រទេសជាតិ ក៏ដូចជាអង្គភាពកន្លងមក អង្គភាពកងរាជអាវុធហត្ថមានការសោកស្តាយយ៉ាងក្រៀមក្រំ ចំពោះការបាត់បង់លោកវរសេនីយ៍ត្រី ញឹក បាន ពីជួរអង្គភាពកងរាជអាវុធហត្ថ។
លោកបន្តថាដោយជួបក្នុងស្ថានភាពបែបនេះ ទើបថ្នាក់ដឹកនាំរបស់កងរាជអាវុធហត្ថ ដែលមាន លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានផ្តួចផ្តើមបង្កើតមូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថនេះឡើង និងក្រោមការយកចិត្តទុកដាក់ដោយផ្ទាល់ពី សំណាក់ លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែធ្វើការដោះស្រាយទុក្ខលំបាក ដល់ក្រុមគ្រួសារបងប្អូនកងរាជអាវុធហត្ថ នៅពេលដែលបានជួបទុក្ខលំបាកដូចជាពេលនេះជាដើម៕ ប៉ឹម ពិន