ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញរាប់បាត្របង្សុកូលឧទិ្ទសជូនជនរងគ្រោះអ្នកស្លាប់ក្នុងឧទ្ទវហេតុកោះពេជ្រ៣៥៣នាក់ កាលពីឆ្នាំ២០១០

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិមន្ដព្រះសង្ឃ១០៨អង្គរាប់បាត្របង្សុកូល ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះ អ្នកស្លាប់ ក្នុងឧបទ្ទវហេតុ នៅស្ពានពេជ្រ ៣៥៣នាក់ កាលពីឆ្នាំ២០១០ ។

ពិធីនេះក៏មាន ការចូល រួមពី លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី រួមទាំងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ និងសាច់ញាតិរបស់ជនរងគ្រោះជាច្រើន នាក់ទៀត កាលពីថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ២០១៧ ។

សូមបញ្ជាក់ថា៖ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ មានឧបទ្ទវហេតុដ៏អាក្រក់មួយបានកើតឡើងនៅលើស្ពានពេជ្រ នៃទីក្រុងកោះពេជ្រ ដោយហ្វូងមនុស្សរត់ជាន់គ្នា យប់ថ្ងៃចុងបង្ហើយនៃ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ បណ្តាលឲ្យមានមនុស្សរងគ្រោះស្លាប់ ៣៥៣នាក់ និងរបួសជាង៤០០ នាក់យ៉ាងអណោចអធ៌ម បំផុត ។

ក្រៅពីរៀបចំតាមសាសនាឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានលាចាក លោកទៅហើយនោះ ពិធីនេះក៏បានបង្ហាញឲ្យឃើញពីមនោសញ្ចេតនាសោកស្តាយ អាលោះអាល័យយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារសាច់ ញាតិជនរងគ្រោះ ចំពោះ ការបាត់បង់សមាជិកគ្រួសារក្នុង ហេតុការដ៏សោកសង្រេងនេះកាលពី៧ឆ្នាំមុន។

ក្នុងនោះដែរអាជ្ញាធររាជធានីក៏បានផ្ដល់អំណោយ សប្បុរសធម៌ជូនដល់គ្រួសារជនរងគ្រោះ ដែលបានមក ចូលរួម ក្នុងពិធីនេះ ១៥០គ្រួសារ ស្មើនិងជនរងគ្រោះ ១៥០នាក់ ក្នុងម្នាក់ៗជូនជាថវិកា ២០ម៉ឺនរៀល ៕ សំរិត


ចែករំលែក៖