ភ្នំពេញ៖ ជនសង្ស័យប្រុស ស្រី៦នាក់រួមនឹងថ្នាំញៀន១កញ្ចប់តូច ត្រូវកម្លាំងនគរបាលឃាត់ខ្លួន បន្ទាប់ពីពិនិត្យទឹកនោមឃើញមានសារធាតុញៀននៅក្នុងខ្លួន កាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវលំ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនដែលត្រូវបានចាប់ខ្លួនខាងលើនេះ សុទ្ឋតែត្រូវរកឃើញមានផ្ទុកនូវសារធាតុញៀននៅក្នុងទឹកនោមរបស់ពួកគេ ខណៈពួកគេបានកំពុងធ្វើដំណើរតាមផ្លូវ ហើយសមត្ថកិច្ចមានការសង្ស័យឃាត់យកមកត្រួតពិនិត្យ ឯមួយចំនួនទៀត ត្រូវបានចាប់ខ្លួន ខណៈកំពុងនាំគ្នាសេពថ្នាំញៀន នៅតាមផ្ទះជួលដោយមានប្រជាជនល្អ សហការរាយការណ៍មកសមត្ថកិច្ច។
ក្រុមយុវជនជាប់សង្ស័យទាំង៦នាក់ខាងលើមានឈ្មោះ ១. លី ហួរ ភេទប្រុស អាយុ២០ឆ្នាំ គ្មានមុខរបរ នៅភូមិកប់ស្រូវ សង្កាត់គោករការ (មានថ្នាំ១កញ្ចប់តូច) ។ ២. មាស ស្រីនិច ភេទស្រី អាយុ២៥ឆ្នាំ គ្មានមុខរបរ ស្នាក់នៅផ្ទះជួល ម្តុំសង្កាត់ភ្នំពេញថ្មី ។ ៣. អ៊ូ ដាវី ភេទស្រី អាយុ២២ឆ្នាំ គ្មានមុខរបរ នៅផ្ទះជួលម្តុំសង្កាត់ភ្នំពេញថ្មី ៤. សែន សោ ហៅប្រុស អាយុ២២ឆ្នាំ គ្មានមុខរបរ និងលំនៅពិតប្រាកដ។ ៥. ប៊ុត សម្ផស្ស ភេទប្រុស អាយុ៣០ឆ្នាំ គា្មនមុខរបរ មានទីលំនៅក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី។ ៦.ពុត ជំនោរ ភេទប្រុស អាយុ២០ឆ្នាំ គ្មានមុខរបរ នៅភូមិកប់ស្រូវ ខណ្ឌព្រែកព្នៅ។
សមត្ថកិច្ចខណ្ឌសែនសុខ ក៏បានឃាត់ខ្លួនយុវជនជាច្រើននាក់បន្តបន្ទាប់គ្នាស្ទើររាល់ថ្ងៃពាក់ព័ន្ឋការប្រើប្រាស់ ចរាចរណ៍ និងជួញដូរថ្នាំញៀនខុសច្បាប់ ជាកិច្ចខំប្រឹងប្រែងមួយរបស់សមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសតាមគោលការណ៍របស់រាជរដ្ឋាភិបាល៕ តុង សីហា