ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធវាយប្តីរហូតស្រែកយំដូចក្មេងនៅលើផ្លូវសាធារណៈម្តុំអូរបែកក្អមបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ ទំនាស់ប្តីប្រពន្ធមិនធ្លាប់មានបានបង្កការភ្ញាក់ផ្អើលដល់សាធារណជន ដែលកំពុងធ្វើដំណើរលើដងផ្លូវឈប់ម៉ូតូរថយន្តចោលភ្នែកមើលទៅឃើញ ស្ត្រីម្នាក់យកមួកសុវតិ្ថភាពវាយរសជាប្តី ព្រមទាំងទាត់ធាក់ ដែលដំបូងឡើយគេស្មានថាមនុស្សប្រុសស្រីផ្សេងទាស់គ្នា ដល់ក្រោយមកទើបដឹងថាអ្នកទាំងពីរជាប្តីប្រពន្ធនឹងគ្នាដែលមានវ័យស្របាលគ្នាក្នុងអាយុជាង៤០ឆ្នាំ។ អ្វីដែលហួសចិត្តគឺគេឃើញបុរសជាប្តីបានស្រែកយំយ៉ាងខ្លាំង ដូចក្មេងនឹងលើកដៃសំពះស្ត្រីជាប្រពន្ធដូចកូនសំពះម្តាយនាំឲ្យមានមតិរិះគន់ភ្លាមៗថា ចុះហេតុអ្វីបានជាបុរសជាប្តីនោះអន់ម្លេ៉ះ?

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ធនះតេលាអូរបែកក្អម ផ្លូវលេខ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពសាក្សីឃើញហេតុការណ៍នេះបាននិយាយថា មុនពេលកើតហេតុគេឃើញអ្នកទាំងជិះម៉ូតូឌុបគ្នាតាមផ្លូវលេខ២៧១ពីជើងទៅត្បូង។ លុះមកដល់ចំណុចស្ថានីយ៍ប្រេងតេលាក៏ឃើញឈប់ម៉ូតូ ហើយបុរសជាប្តីនោះឈរហើយស្ត្រីជាប្រពន្ធអង្គុយ។ ប្រភពដដែលបន្តថា មុនដំបូងគេឃើញបុរសជាប្តីនោះវាយប្រពន្ធមុន តែមិនទាន់កើតរឿងធំដុំដែរដោយគេ ស្មានថាអ្នកទាំងពីរនោះជាជនជាតិចិនទេ តែក្រោយមកក៏ឃើញស្ត្រីនោះយកមួកការពារសុវតិ្ថភាពវាយសំពងមកលើបុរសជាប្តីនោះដោយទាត់ផង ធាក់ផងនិងប្តីរហូតនិយាយថាចង់បានលុយមែន យកទៅៗហើយ វាយប្តីរហូតបែកមួកការពារសុវតិ្ថភាពអស់ ឯប្តីយំដូចក្មេង និងបានលើកដៃសំពះប្រពន្ធទាំងទៀតផង។ ក្រោយមកទើបឃើញសមត្ថកិច្ចមកដល់ក៏ឮបុរសជាប្តីនោះនិយាយប្រាប់សមត្ថកិច្ចថា រឿងប្តីប្រពន្ធខ្ញុំទេ។ ម្នាក់ៗហួសចិត្ត គួរឲ្យអស់សំណើច។

ក្រោយមកអ្នកទាំងពីរក៏នាំគ្នាឡើងជិះម៉ូតូឌុបគ្នាទៅបាត់។ រីឯសមត្ថកិច្ចនិងអ្នកឈរមើលនាំគ្នាហួសចិត្តផងដែរថា រឿងប្តីប្រពន្ធទាស់គ្នាផ្អើលគេឯងរហូតស្ទះចរាចរណ៍ពេញផ្លូវ៕ តាឡឹម


ចែករំលែក៖