អ្នកដែលប្រើប្រាស់បណ្តាញសង្គម ឬប្រព័ន្ធផ្សព្វផ្សាយធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ អាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ។
នៅថ្ងៃទី២២ ខែវិច្ឆិកាលោក Sansern Kaewkamnerd អ្នកនាំពាក្យការិយាល័យរដ្ឋាភិបាលថៃបានឲ្យដឹងថា នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានបញ្ជាដល់ក្រសួងពាក់ព័ន្ធ បង្កើនការគ្រប់គ្រងបណ្តាញសង្គម តាមដានព័ត៌មានលើបណ្តាញវែបសាយ ជាដើម។
ទន្ទឹមនឹងនោះ តាមច្បាប់បទល្មើស បណ្តាញដែលបានកែប្រែអ្នកដែលផ្សព្វផ្សាយព័ត៌មានធ្វើឲ្យប៉ះពាល់ គំរាមកំហែងដល់សន្តិសុខជាតិ អាចនឹងជាប់គុកយ៉ាងតិច១០ឆ្នាំ និងត្រូវបង់ផាក់ពិន័យ២សែនបាត់។ រដ្ឋាភិបាលថៃក៏មានសិទ្ធបិតវែបសាយណា ដែលផ្សព្វផ្សាយព័ត៌មានរសើប អាចជំរុញឲ្យមានការបះបោរបាន។
តាមការបញ្ជាក់របស់លោក Sansern គោលដៅនៃការបង្កើនការត្រួតពិនិត្យខាងលើ ដើម្បីទប់ស្កាត់ព័ត៌មានអាក្រក់ ប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ជាតិ។
លោកបន្តទៀតថា «ពលរដ្ឋ អាចរិះគន់រដ្ឋាភិបាលបាន ប៉ុន្តែស្ថិតនៅក្នុងក្រមសីលធម៌ និងច្បាប់។ មិនអាចផ្សព្វផ្សាយអ្វីគ្រប់យ៉ាង នៅលើបណ្តាញសង្គមនោះឡើយ អាចធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាតិ ធ្វើឲ្យសង្គមមិនមានស្ថិរភាពឡើយ។ ប្រទេសជាច្រើន បានរិតបន្តឹងការគ្រប់គ្រងបណ្តាញសង្គម ហើយយើងក៏ធ្វើដូច្នេះដែរ»។
ព័ត៌មានចចាមអារាមបានកើតឡើងនៅក្នុងប្រទេសថៃ ដោយក្នុងនោះ ក្រុមប្រឆាំងនឹងធ្វើមហាបាតុកម្ម ក្នុងគោលដៅទម្លាក់រដ្ឋាភិបាលថៃ ប៉ុន្តែកម្លាំងប៉ូលិសនៅក្នុងប្រទេសនេះបញ្ជាក់ថា ព័ត៌មានចចាមអារាមខាងលើគ្មានមូលដ្ឋានឡើយ។
ប៉ុន្តែបណ្តាញព័ត៌មាន និងបណ្តាញសង្គមបានប្រតិកម្មថា រដ្ឋាភិបាលព្រួយបារម្ភពីសកម្មភាពធ្វើបាតុកម្មទម្លាក់រដ្ឋាភិបាលយោធា។ សកម្មជនសង្គមលោក Sombat Boonngamanong បញ្ជាក់ថា «ការវិភាគ លើកឡើងខ្វះការពិត នឹងត្រូវចាប់ខ្លួន»។
តាមតួលេខ ដែលបានប្រកាសកាលពីខែឧសភា ឆ្នាំ២០១៧ មានពលរដ្ឋថៃ រហូតដល់ទៅជាង៤៧លាននាក់ បានប្រើប្រាស់បណ្តាញសង្គម Facebook , ១១លាននាក់ ប្រើប្រាស់បណ្តាញ Instagram និង៩លាននាក់ទៀត ប្រើប្រាស់បណ្តាញ Twitter។
រដ្ឋាភិបាលបានបង្កើនការចំណាយសម្រាប់សកម្មភាពតានដាន ត្រួតពិនិត្យទៅលើបណ្តាញសង្គមទាំងនោះ ហើយក៏បានចាប់ខ្លួនមនុស្ស៦០នាក់ដែលបានផ្សាយព័ត៌មានមិនពិត។ ជាមួយគ្នានេះរដ្ឋាភិបាលបានបិទវែបសាយ រាប់រយដែលបង្កផលប៉ះពាល់ដលសន្តិសុខជាតិ៕ ម៉ែវ សាធី