ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូស៊ុយស៊ូគីត្រូវរថយន្ដបុកដាច់ជើងនិងស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសម្នាក់ជិះម៉ូតូស៊ុយស៊ូគីត្រូវរថយន្ដបុកដាច់ជើងស្លាប់ នៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ២០៦-២០៧ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះរវាងរថយន្តម៉ាកMiNi Cooper’s ពាក់ស្លាក ភ្នំពេញ2AN.2007 មានទិសដៅពីកើតទៅលិច សំដៅចូលក្រុងព្រះសីហនុ មកដល់ចំណុចខាងលើ បានរេចង្កូតទៅផ្នែកខាងឆ្វេងបានបុកម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ុយគី ពណ៌ខ្មៅ គ្មានស្លាកលេខក្នុងទិសដៅបញ្ច្រាសទិសគ្នា ពេញទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូដាច់ជើងម្ខាងស្លាប់នៅនឹងកន្លែងកើតហេតុ។

ប្រភពដដែលបន្តទៀតថា សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេរហូតមកដល់ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅតំកល់ទុកនៅវត្តស្មាច់ដែង ដើម្បីស្រាវជ្រាវរកសាច់ញាតិ។ ចំណែកអ្នកបើករថយន្ត បានរត់គេចខ្លួនមុនសមត្ថកិច្ចទៅដល់ ប៉ុន្តែសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តនេះ ហើយដែលមាន ឈ្មោះម៉ម សាវុធ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

រីឯវត្ថុតាងរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ រង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖