ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាលួចម៉ូតូសកម្មត្រូវបាននគរបាលស្រុកអង្គស្នួលចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាចោរលួចម៉ូតូសកម្មម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលចាប់ខ្លួន កសាងសំណុំរឿងចាត់ការតាមនីតិវិធី កាលពីវេលាម៉ោង៣និង៥១នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិភូមិទន្លាប ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ សុវណ្ណ នុត ភេទប្រុស១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រីឯជនរងគ្រោះឈ្មោះ ឈ្មោះ រី វិរះ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាភ្លើ ។ ជនរងគ្រោះនិងជនសង្ស័យមានទីលំនៅភូមិច្រកក្រសាំង ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងដកហូតបានគឺម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សង់ប៊ិច ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BH-8524 ។

ប្រភពដដែលបន្ដថា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៧និង៣០នាទី ជនរងគ្រោះជាម្ចាស់ម៉ូតូបានជិះម៉ូតូរបស់ខ្លួនទៅជួសជុលនៅផ្ទះជាងឈ្មោះ ផុន ផល ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ តែជាងពុំទាន់បានជួសជុលនោះទេ ដោយទុកនៅផ្ទះសិនព្រោះជាប់រវល់ទៅបុណ្យគេនៅក្នុងភូមិ ខណៈនោះស្រាប់តែជនសង្ស័យឈ្មោះ សុវណ្ណ នុត ដើរសំដៅទៅផ្ទះជាងក៏បានឃើញសោរនៅជាប់នឹងម៉ូតូ ភ្លាមនោះក៏ធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់ស្រមោល ។ រហូតមកដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១០និង៣០នាទី ជាងជួសជុលម៉ូតូឈ្មោះ ផុន ផល បានដើរស្វែងរកបានជួបប្រទះជនសង្ស័យនៅផ្សារទួលលៀប សង្កាត់ស្នោ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ភ្លាមនោះក៏ដាក់ពាក្យបណ្ដឹងទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលព្រេច ដើម្បីធ្វើជួយអន្ដរាគមន៍ចាប់ខ្លួន ។

ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាម សមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលទទួលព្រេចបានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលពោធិសែនជ័យ ធ្វើការចាប់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពលួចយកម៉ូតូរបស់ឈ្មោះ រី វិរះ ប្រាកដមែន ខណៈដែលលួចបានហើយខ្លួនបានជិះសំដៅទៅរាជធានីភ្នំពេញ ដើម្បីលក់បេន ,លក់បូមក្រោយ១គូរ ,កាងក្រោយ ,កុងទ័រ បានលុយសរុបចំនួន១៥ដុល្លារសហរដ្ឋអាមេរិក ៕ ស្អាងជ័យ


ចែករំលែក៖