ភ្នំពេញ៖ ដើម្បីពង្រឹងទំនាក់ទំនងរបស់ថ្នាក់ដឹកនាំ និងលើកកម្ពស់គុណភាពកម្រិតអប់រំអ៊ិស្លាមទូទាំងប្រទេស លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានជំរុញឲ្យលោកគ្រូ អ្នកគ្រូ រាជធានី-ខេត្ត-ក្រុង និងតំណាងលោកគ្រូជើងចាស់ខ្មែរអ៊ិស្លាមគ្រប់ខេត្ត-ក្រុង-ស្រុក ទូទាំងប្រទេស មកទទួលអនុសាសន៍ និងទទួលនូវបទពិសោធន៍ល្អៗ ដើម្បីពង្រឹងកម្រិតអប់រំនៅមូលដ្ឋានសហគមន៍ខ្មែរអ៊ិស្លាម ព្រោះពួកគាត់ភាគច្រើនជាគ្រូដែរ តែនៅមានកម្រិត ដើម្បីយកបទពិសោធន៍ទាំងនេះទៅបង្ហាត់បង្រៀនបន្ដឲ្យមានគុណភាព និងមានប្រសិទ្ធភាពខ្ពស់នៅមូលដ្ឋាន។
ពិធីនេះធ្វើឡើងនៅរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅស្នាក់ការគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា និងមានការចូលរួមពីលោក សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក ណុះ ស្លេះ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា។
លោក អូស្មាន ហាស្សាន់ បានបន្តថា សូមថ្នាក់ដឹកនាំតាមខេត្ត និងតំណាងគ្រូៗជាអ្នកជំនួយចាត់ចែងកិច្ចការអប់រំមកពីបណ្តាខេត្ត ស្រុក មេត្តាបង្កើនការលះបង់ពេលវេលា ដើម្បីពង្រឹង កិច្ចការអប់រំអ៊ិស្លាមកាន់តែមានប្រសិទ្ធភាព ព្រោះថ្នាក់លើ ពឹងផ្អែកយ៉ាងខ្លាំងទៅលើលោកអ្នកទាំងអស់គ្នាដែលនៅមូលដ្ឋាន។
លោកបន្ថែមថា តាំងពីដើមមកទម្រាំបានលទ្ធផលប៉ុណ្ណេះ គឺដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ រួមទាំងថ្នាក់ដឹកនាំអ៊ិស្លាមដែលមានគណៈអ៊ីម៉ាំខេត្ត ស្រុក បានជួយសហការលើភារកិច្ចនេះយ៉ាងច្រើន តែទោះយ៉ាងណា ជំនួសមុខឲ្យរាជរដ្ឋាភិបាល និងក្រសួង ក៏សូមជំរុញឲ្យអស់លោកបន្តកិច្ចសហការលើភារកិច្ចមួយនេះ ដើម្បីប្រព្រឹត្តិទៅបានរលូន និងឈានទៅដល់កម្រិតអប់រំតាមមូលដ្ឋានដែលមានគុណភាព។
ជាចុងក្រោយ លោកបានផ្តាំផ្ញើផងដែរថា ដើម្បីឲ្យកិច្ចការអន់រំនេះ កាន់តែមានប្រសិទ្ធភាព និងគោរពតាមលក្ខខណ្ឌមន្រ្តីរបស់ក្រសួង សូមអ្នកតំណាងតាមមូលដ្ឋាន ជាពិសេសគណៈអ៊ីម៉ាំ ខេត្ត ស្រុក សូមទំនាក់ទំនងឲ្យជាប់លាប់ជាមួយមន្ទីរទាំងពីរតាមខេត្ត ស្រុក ក្នុងនោះគឺមន្ទីរអប់រំយុវជន និងកីឡា និងមន្ទីរមុខងារសាធារណៈ ដើម្បីទទួលបានព័ត៌មានល្អៗ សម្រាប់ផ្សព្វផ្សាយបន្តទៅកាន់គ្រូៗ ដែលជាមន្រ្តីរាជការកំពុងបំពេញភារកិច្ចតាមសាលារៀននានាក្នុងមូលដ្ឋាន៕ សំរិត