ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេងចុះពិនិត្យសំណង់រោងស្នាក់នៅបណ្តោះអាសន្នជូនប្រជាពលរដ្ឋ១៥៣គ្រួសារចេញពីមាត់ប្រឡាយស្ទឹងមានជ័យ ដើម្បីការអភិវឌ្ឍ

ចែករំលែក៖

ភ្នំពេញ៖ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ រួមដំណើរដោយមន្ត្រីជំនាញ មន្ត្រីមូលដ្ឋាន បានចុះពិនិត្យការដ្ឋានសំណង់ រោងស្នាក់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋ ១៥៣គ្រួសារ ដែលត្រូវរុះរើលំនៅឋាន ចេញពីមាត់ប្រឡាយ ស្ទឹងមានជ័យ ដើម្បីអាជ្ញាធររាជធានីភ្នំពេញ ធ្វើការអភិវឌ្ឍ ប្រឡាយនេះឲ្យមានសោភណ្ឌ័ភាព និងរំដោះទឹក បានលឿននៅរដូវវស្សា កុំឲ្យលិចលង់ដូចកាលមុនទៀត ។

ពិធីចុះពិនិត្យ សំណង់រោងស្នាក់នៅបណ្ដោះអាសន្ននេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី ២៣ វិច្ឆិកា ឆ្នាំ២០១៧ ។

សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋរស់ នៅតាមប្រឡាយស្ទឹងមានជ័យចំនួន១៥៣គ្រួសារ ក្នុងជំហានទី១ បានស្ម័គ្រចិត្ដ ចាកចេញពីលំនៅដ្ឋានរបស់ពួកគាត់ ដែលកំពុងរស់នៅ តាមមាត់ប្រឡាយមកស្នាក់នៅ ក្រោមស្ពានអាកាសស្ទឹង មានជ័យ ក្រោមការរៀបចំកន្លែងស្នាក់នៅ ជាបណ្ណោះ អាសន្នរបស់រដ្ឋបាលរាជធានីភ្នំពេញ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សូមបងប្អូនមកស្នាក់នៅរោងបណ្ដោះអាសន្ន នៅទីនេះ កុំបារម្ភរឿង ទឹក ភ្លើង និងបង្គន់អនាម័យឲ្យសោះ អាជ្ញាធរ រាជធានីភ្នំពេញ ជាអ្នកទទួលខុសត្រូវទាំងស្រុង ទម្រាំ យើងធ្វើការអភិវឌ្ឍប្រឡាយ រយៈពេលខ្លី មួយនេះ រួចរាល់ បងប្អូននឹងបានចូលទៅស្នាក់នៅ វិញដោយស្រប ច្បាប់ ដោយថែមទាំង បានបណ្ណ័កម្មសិទ្ធស្របច្បាប់ចេញដោយរដ្ឋាភិបាល ជូនបងប្អូន ថែមទៀតផង ។

លោក ឃួង ស្រេង បានបញ្ជាក់ថា ការអភិវឌ្ឍ ប្រឡា យស្ទឹងមានជ័យរបស់យើងនេះ នឹងទទួលបានផល ប្រយោ ជន៏២យ៉ាងគឺ ទី១ ប្រជាពលរដ្ឋទទួលបានប្លង់កម្មសិទ្ធិស្រប ច្បាប់,ទី២យើង បានបើកមុខទឹកឲ្យបានទូលាយ ធ្វើឲ្យទឹកហូរបានលឿន និងឈប់ទឹកលិចលង់នៅរដូវវស្សាដូចឆ្នាំមុនៗទៀត ៕ សំរិត


ចែករំលែក៖