ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំគ្រប់ទឹកនឹងបទល្មើសព្រៃឈើ

ចែករំលែក៖

គ្រាន់តែនៅស្រុកសណ្តាន់ ខេត្តកំពង់ធំមួយប៉ុណ្ណោះ ប្រធានមន្ទីរបរិស្ថានខេត្តនេះ ត្រូវគេរាយការណ៍ថា គ្រប់ទឹកនឹងបទល្មើសព្រៃឈើ។ មន្ត្រីបរិស្ថានប្រចាំការនៅក្នុងស្រុកសណ្តាន់ បានត្រឹមតែយកលុយពីបទល្មើស ប៉ុន្តែមិនបង្ក្រាបនោះឡើយ។ លើសពីនេះទៅទៀត បើទោះបីជាបង្ក្រាបបទល្មើសបានហើយក៏ដោយ ក៏ដោះលែងទៅវិញជាថ្នូរនឹងទឹកប្រាក់ ក៏ដូចជាការព្រមានឲ្យថ្ងៃក្រោយត្រូវបង់ប្រាក់ឲ្យពួកគេ។ ដូច្នេះការចាប់ឈើតាមរថយន្តម្តងម្កាល គ្រាន់តែជាវិធីដើម្បីឲ្យពួកឈ្មួញស្គាល់ប៉ុណ្ណោះ។

ប្រភពពីមន្ត្រីបរិស្ថានបានឲ្យដឹងថា ប្រធានមន្ទីរលោកតុប កក្កដា ជំនាញក្នុងការចាប់រថយន្តដឹកឈើ ហើយដោះលែងទៅវិញជាថ្នូរនឹងលុយស្រស់ៗ ។ ច្រើនករណីមកហើយដែលលោកប្រធានមន្ទីរបញ្ជាឲ្យកូនចៅចាប់រថយន្តដឹកឈើ ហើយលោកជាអ្នកដោះលែងយកប្រាក់ម្តង៤ទៅ៥ពាន់ដុល្លារ។ នៅពេលដែលលោកដោះលែងហើយមិនចែករំលែកផលប្រយោជន៍ដែលបានមកពីអំពើពុករលួយនេះដល់មន្ត្រីអ្នកខិតខំបង្ក្រាបបទល្មើសនោះ ដូច្នេះអំពើពុករលួយរបស់លោកប្រធានមន្ទីរចេះតែត្រូវបានគេចែករំលែកបន្ត។ មានន័យថា បើលោកប្រធានតុប កក្កដា ចែករំលែងលុយដែលបានអំពីអំពើពុករលួយនោះដល់កូនចៅខ្លះទំនងជារឿងពុករលួយមិនត្រូវបានទម្លាយឡើយ។

គេខ្សឹបថា គ្រាន់តែនៅស្រុកសណ្តាន់មួយ លោកប្រធានមន្ទីរអាចប្រមូលប្រាក់បានរាប់ម៉ឺនដុល្លារក្នុងមួយខែៗ។ បទល្មើសព្រៃឈើគឺជាគោលដៅយ៉ាងសំខាន់ដែលលោកតុប កក្កដាត្រូវប្រមូលយក។ ប្រភពបានបន្ថែមថា វិធានការរបស់លោកប្រធានមន្ទីរគឺចាប់បង្ក្រាបបទល្មើសដើម្បីយកប្រាក់ មិនមែនកសាងសំណុំរឿងបញ្ជូនទៅតុលាការនោះឡើយ។ ក្រុមមន្ត្រីនៅមន្ទីរបរិស្ថានខេត្តកំពង់ធំរំពឹងថា ថ្នាក់ដឹកនាំក្រសួង ជាពិសេសលោករដ្ឋមន្ត្រីសាយ សំអាល់ គួរពិនិត្យមើលករណីអំពើពុករលួយរបស់លោកប្រធានមន្ទីរខេត្តកំពង់ធំផង។ ពីព្រោះថាគ្រាន់តែបទល្មើសនៅស្រុកសណ្តាន់មួយនោះ ឃើញថា មានទំហំធំធេងណាស់ទៅហើយ រីឯមន្ត្រីបរិស្ថានមិនដែលបង្ក្រាបនោះទេ៕


ចែករំលែក៖