ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសប្រពន្ធបី ករណីហិង្សាញឹកញាប់លើកូនប្រុសអាយុ១០ឆ្នាំ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់មានប្រពន្ធ៣នាក់ ប៉ុន្តែបានលែងលះគ្នាអស់ចំនួន ២នាក់ហើយនៅសល់តែមួយប៉ុណ្ណោះ ត្រូវបានមេភូមិប្រជាការពារភូមិឲ្យនគរបាលជួយអន្តរាគមន៍ និងឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ខណៈប្រើអំពើហិង្សាញឹកញយលើកូនប្រុសអាយុ ១០ឆ្នាំ ដោយប្រើប្រាស់ខ្សែក្រវាត់ជាអាវុធ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៦ និង៣០នាទី ព្រលប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចមាត់ប្រឡាយ ស្ថិតក្នុងភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះមុើល ឆុង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ សង្កាត់កើតហេតុខាងលើ មានកូនប្រុសស្រីចំនួន ៤នាក់ ក្នុងបន្ទុកគ្រួសារ ចំណែកកុមារារងរបួសដោយសារកណ្តាប់ដៃឪប្រើប្រាសខ្សែក្រវាត់ជាអាវុធ ឈ្មោះ ឆុង វិសាល ហៅអាជីវ អាយុ ១០ឆ្នាំ រស់នៅក្នុងបន្ទុកឳពុក និងម្ដាយចុង។

ប្រភពខាងលើបន្តថា ការដែលឃាត់ខ្លួនជនសង្ស័យរូបនេះ ក្រោយលោក មេភូមិ និងកម្លាំងប្រជាការពារភូមិរាយការណ៍ សុំឲ្យជួយករណីបុរសខាងលើគាត់ឧស្សាហ៍ប្រើអំពើហិង្សាលើកូនប្រុស អាយុ ១០ឆ្នាំ(របួស) ។

ក្រោយចាប់ខ្លួន បុរសសង្ស័យបានឆ្លើយសារភាពចំពោះមុខសមត្តកិច្ច ខ្លួនពិតជាបានវាយកូនប្រុសពិតប្រាកដមែន ក្នុងគោលបំណងវាយប្រដៅ តែរាងជ្រុលដៃបន្តិចមែន ខណៈកូនប្រុសគាត់នេះវារពឹសដៃលើរបោះរបរអ្នកក្បែរខាង ធ្វើឲ្យអ្នកភូមិផងរបងជាមួយទូលពិតអំពីកូនប្រុសនេះ ធ្វើឲ្យម៉ែឪមុខឆ្កែស្រែជម្រៅច្រើនលើកច្រើនសារ។

ករណីខាងលើជំនាញបានប្រើមនោសញ្ចេតនាច្រើន ហើយឆ្លងយោបល់ថ្នាក់លើអាចនឹងអប់រំ និងធ្វើកិច្ចសន្យាឲ្យគាត់ទៅផ្ទះវិញ កូនតូចៗគ្មានអ្នកចិញ្ចឹមនោះទេ ៕ ប៉ឹម ពិន

 


ចែករំលែក៖