ព័ត៌មានទាន់ហេតុការណ៍៖

បងប្អូនថ្លៃផឹកស៊ីស្រវឹងកាប់ពេលដឹងថាស្លាប់ជនបង្ករត់ទៅចងកស្លាប់ដែរ

ចែករំលែក៖

ខេត្តព្រៃវែង៖ បុរស២នាក់ជាបងប្អូនថ្លៃនឹងគ្នា ផឹកស៊ីស្រវឹងបង្កជាអំពើហិង្សាកាប់ចាក់បណ្តាលឲ្យបុរសម្នាក់ស្លាប់តាមផ្លូវនៅពេលបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម។ រីឯជនបង្ក ពេលឮដំណឹងអំពីមរណភាពរបស់បុរសម្នាក់ទៀតនោះ ក៏បានចងកសម្លាប់ខ្លួននៅនឹងផ្ទះភ្លាមៗនោះដែរ។

ហេតុការណ៍កាប់ចាក់ និងចងកបានកើតឡើងនៅវេលាម៉ោង២០និង១០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះឈ្មោះកាក់ តុប ភេទប្រុស អាយុ៤៩ឆ្នាំ ស្ថិតក្នុងភូមិតាពូម ឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង។ ជនល្មើសឈ្មោះ រិន រ៉ាត់ ភេទប្រុស អាយុ៥៣ឆ្នាំ ត្រូវជាបងថ្លៃរបស់កាក់ តុប រស់នៅភូមិ ឃុំជាមួយគ្នា ។

ប្រភពពីនគរបាលមូលដ្ឋានបានឲ្យដឹងថា បុរសទាំងពីរនាក់បានផឹកស៊ីស្រវឹងខ្លាំង ហើយជនល្មើសបានយកកាំបិតផ្គាក់កាប់ទៅលើប្អូនថ្លៃឈ្មោះ កាក់ តុប បណ្តាលឲ្យរងរបួសធ្ងន់២កន្លែង គឺភ្លៅស្តាំ និងផ្នែកខាងខ្នងបោះដៃផុតខាងស្តាំ។ បើតាមអ្នកភូមិឲ្យដឹងថា ជម្លោះដោយសារតែទំនាស់ពាក្យសម្តីពេលផឹកស៊ីនៅផ្ទះជនរងគ្រោះ ទើបឈានដល់អំពើហិង្សាកើតឡើង។

ក្រោយពេលកើតហេតុភ្លាមៗ បងប្អូនបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះ និងព្យាបាលនៅប្រទេសវៀតណាម ប៉ុន្តែដល់ពាក់កណ្តាលផ្លូវ ដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក ជនរងគ្រោះក៏បានស្លាប់ទៅ។

ចំណែកឯជនល្មើស ពេលដែលដឹងថា ជនរងគ្រោះស្លាប់នៅតាមផ្លូវនោះ ក៏បានរត់ទៅចងកនៅនឹងរតផ្ទះរបស់ខ្លួនស្លាប់ភ្លាមៗដែរ។

បច្ចុប្បន្នសពបុរសទាំងពីរត្រូវបានសាច់ញាតិរៀបចំធ្វើបុណ្យរៀងៗខ្លួន ហើយសមត្ថកិច្ចក៏កំពុងស្រាវជ្រាវដើម្បីបំពេញនីតិវិធីដែរ៕ ហេង សូរិយា


ចែករំលែក៖