ខេត្តកណ្តាល៖ រថយន្តនិងម៉ូតូបានបុកគ្នាបណ្តាលឲ្យព្រះសង្ឃមួយអង្គ និងមនុស្ស២នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រ៤៥ លេខ៤៦ ចំណុចភូមិសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាងម៉ូតូ ម៉ាកHONDA DREAM 125 ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ ព្រៃវែង 1F-7950 បើកបរដោយឈ្មោះ មាន សាមន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិបាក់ព្រី ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយមានអ្នករួមដំណើរម្នាក់ឈ្មោះ ងាំ ធីណាត ភេទប្រុស អាយុ៣៤ឆ្នាំ (ព្រះសង្ឃ) មានទីលំនៅភូមិជាមួយគ្នាដែលបើកក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ(ពីត្បូងទៅជើង) លុះពេលមកដល់ចំណុចកើតហេតុ ខាងលើ បានបុកជាមួយរថយន្តម៉ាក TOYOTA COROLA ពណ៌ក្រហមចាស់ ប្រភេទទេសចរណ៍ ពាក់ស្លាកភ្នំពេញ 2G-8041 បើកបរដោយឈ្មោះ ម៉ា លាង ភេទប្រុស អាយុ៧៣ឆ្នាំ មានទីលំនៅភូមិសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែល បើកចេញពីផ្ទះ នៅខាងកើតផ្លូវ ហើយបើកឆ្លងកាត់ថ្នល់ទៅខាងលិច បណ្តាលឲ្យរបួសធ្ងន់អ្នកជិះម៉ូតូទាំង២នាក់ និងរបួសស្រាលអ្នកបើករថយន្តបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញទាំង៣នាក់ ។
ករណីខាងលើនេះបណ្តាលឲ្យម៉ូតូខូចធ្ងន់១គ្រឿង និងរថយន្តខូចស្រាល១គ្រឿង ត្រូវសមត្ថកិច្ចយកមករក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។
សមត្ថកិច្ចបានសន្និដ្ឋានថា គ្រោះថ្នាក់កើតឡើងដោយសារអ្នកបើកបររថយន្តឈ្មោះម៉ា លាង ធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយ័ត្ន
មុនពេលបើកឆ្លងកាត់ថ្នល់ ៕