ភ្នំពេញ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តស្ត្រីនៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញបានសហការជាមួយសហភាពសហព័ន្ធយុវជនខណ្ឌដង្កោរៀបចំពិធីពិនិត្យសុខភាពសាធារណៈ និងទទួលទានអាហារជាលក្ខិណៈគ្រួសារក្រោមស្មារតីជាមហាគ្រួសារតែមួយ និងក្រោមមណ្ឌលនៃសុខសន្តិភាពនិងការរួមសុខ រួមទុក្ខគ្រប់កាលះទេសះជាពួងជាមួយលោកតា លោកយាយ អ៊ុំពូមីងពុកម៉ែបងប្អូនទាំងអស់ក៏ដូចជាដើម្បរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ ដែលទាំងអស់គឺជាគំនឹតផ្តួចផ្តើមផ្ទាល់របស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី។ ពិធីនៅថ្ងៃនេះជាពិធីលើកទី៤ហើយ ដែលក្រុមការងារនៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញបានរៀបចំឡើង ដែលក្នុងនោះលើកទី១រៀបចំធ្វើនៅខណ្ឌដូនពេញ លើទី២នៅខណ្ឌ៧មករា លើកទី៣នៅខណ្ឌឬស្សីកែវ និងលើកទី៤នៅខណ្ឌដង្កោនាព្រឹកនេះតែម្តង។
ពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងបរិវេណសាលាខណ្ឌដង្កោ ដោយទទួលបានការអញ្ជើញចូលរួមជាគណៈអធិបតីភាពពីសំណាក់លោក កែប ជុតិម៉ា អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌដង្កោ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងលោកស្រី អ៊ិត នីតា ជាភរិយាលោក សាយ សំអាល់ និងជាប្រធានសហភាពសហព័ន្ធរាជធានីភ្នំពេញ និងលោក តិមា សោភា អភិបាលរងខណ្ឌដង្កោ និងជាប្រធានសហភាពសហព័ន្ធយុវជនខណ្ឌដង្កោ ព្រមទាំងមានការរួមផងដែរពីសំណាក់បងប្អូនពលរដ្ឋ៥៤២នាក់ផងដែរ។
លោក នុត ពុធដារ៉ា ជំនួនការសម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ពលរដ្ឋចូលរួមនាឱកាសនោះថា ថ្ងៃនេះក្នុងនាមអភិបាលខណ្ឌដង្កោមានក្តីសោមនស្សរីករាយយ៉ាងក្រីលែង ដែលបានក្រុមការងាររបស់ស្ត្រីនៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំកម្មវិធីស្ត្រីដើម្បីពុកម៉ែបងប្អូនឲ្យមានការពិនិត្យសុខភាពជូនដល់បងប្អូនពលរដ្ឋយើងដែលប្រកបរបររត់ម៉ូតូឌុប និងម៉ូតូរ៉ឺម៉កកង់៣ ក្នុងមូលដ្ឋានខណ្ឌដង្កោនេះសរុប៥៤២នាក់។ លោកបន្តថា នេះជាលើកទី១ហើយ ដែលក្រុមការងារស្ត្រីនៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញបានរៀបចំកម្មវិធិពិនិត្យសុខភាពជូនបងប្អូនពលរដ្ឋ ដែលបានដឹកនាំក្រុមគ្រូពេទ្យដែលប្រកបដោយជំនាញមកពិនិត្យសុខភាពជំងឺទូទៅជូនដល់បងប្អូនដែលជាអ្នករត់ម៉ូតូឌុប និងម៉ូតូរ៉ឺម៉កកង់៣ទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌដង្កោយើងនាពេលនេះដោយឥតគិតថ្លៃ។ លោកនុត ពុធដារ៉ា ជំនួយការសម្តេចតេជោ និងជាអភិបាលខណ្ឌដង្កោក៏បានបញ្ជាក់បន្ថែមឲ្យដឹងថា កន្លងទៅក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោបានចុះមកពិនិត្យជំងឺដល់បងប្អូនកម្មករ កម្មការិនីរោងចក្របានចំនួន៤លើកហើយដែរសរុប៥០០០នាក់។
ដោយឡែកលោក កែប ជុតិមា អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌដង្កោក៏បានថ្លែងទៅកាន់ពលរដ្ឋដែលបានចូលរួមនៅក្នុងឱកាសនោះផងដែរថា កម្មវិធីនេះជាកម្មវិធីរបស់ក្រុមការងារ ស.ស.យ.ក របស់ក្រុមប្រឹក្សានារីដើម្បីពុកម៉ែនិងបងប្អូន ហើយថ្ងៃនេះបានឃើញបងប្អូនពលរដ្ឋយើងបានមកចូលរួមច្រើន ព្រោះថានៅថ្ងៃនេះគ្រូពេទ្យមានការព្យាបាលជាច្រើនផ្នែក។ លោក កែប ជុតិមា ក៏បានស្នើសុំឲ្យបងប្អូនយកចិត្តទុកដាក់លើថែទាំសុខភាពរបស់ខ្លួន ពិសេសជំងឺភ្នែក ហើយក្រុមគ្រូពេទ្យបានឆ្លៀតឱកាសថ្ងៃឈប់សម្រាក់របស់ខ្លួនដើម្បីមកបំរើបងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌដង្កោនាពេលនេះ ដើម្បីចែករំលែកនូវសុខទុក្ខជាមួយគ្នាមិនប្រកាន់និន្នាការនយោបាយ។
លោក កែប ជុតិមា ក៏បានកោតសសើរនូវការលះបង់របស់ប្អូនៗជាយុវជន ដែលជាការសម្តែងគោរពដឹងគុណចំពោះប្រជាពលរដ្ឋរបស់យើង៕ តាឡឹម