ភ្នំពេញៈ ចោរគាស់ផ្ទះម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍និរោធ ចាប់ខ្លួនពេលកំពុងធ្វើសកម្មភាពវាយកញ្ចក់បង្អួចចូលលួចសម្ភារនៅក្នុងផ្ទះ ដោយសារផ្ទះនេះ ត្រូវម្ចាស់ចាក់សោទុកចោល ព្រោះជាប់បណ្តឹងនៅតុលាការ ហើយស្ថិតក្រោមការគ្របគ្រងរបស់សាលាដំបូងរាជធានីភ្នំពេញ ។
ករណីចាប់មុខសញ្ញាគាស់ផ្ទះនេះ បានធ្វើឡើងនៅវេលាម៉ោង៤រសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅនៅផ្ទះលេខ២៣១ ផ្លូវ៣៥១ ភូមិតាង៉ូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ទីតាំងផ្ទះខាងលើនេះ ស្ថិតក្រោមការគ្រប់ គ្រងរបស់សាលាដំបូងរាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះង្វៀង យ៉ាំងទី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបររើសអេតចាយ ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានអូសរទេះដើររើសអេតចាយ ពេលមកដល់ចំណុចកើតហេតុខាងលើ ក៏ឃើញផ្ទះចាក់សោទ្វារពីក្រៅគ្មានមនុស្សនៅ ជនសង្ស័យក៏ធ្វើសកម្មភាព យកញញួរដែកទៅគាស់បង្អួចកញ្ចក់ចូលទៅក្នុងផ្ទះ លួចយកសម្ភារមួយចំនួនមាន ម៉ូទ័របឺតខ្យល់០១គ្រឿង និងបង្អួចកញ្ចក់៧ផ្ទាំង។
ជនសង្ស័យវាយបង្អួចកញ្ចក់ បំបែបទាំង៧ផ្ទាំង យកតែស៊ុមដែកគរទុកបម្រុងដឹកចេញមកក្រៅ ក៏ត្រូវបានសមត្ថកិច្ចល្បាតឃើញ ឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងធ្វើសកម្មភាពមាន ញញួរដែក២ ដង្កាប់១ ទូលណឺវីស១ រទេះ១គ្រឿង បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ សាកសួរ និងចាត់ការតាមច្បាប់។ ចំណែកដើមបណ្តឹង សមត្ថិកច្ចបានទាក់ទងឲ្យមកដាក់ពាក្យបណ្តឹងដែរ ។
បច្ចុប្បន្នជនសង្ស័យត្រូវឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ សណ្តោស