កំពង់ចាម: នាព្រឹកថ្ងៃទី២៥ ខែវិឆ្ឆិកា ២០១៧ នៅស្នាក់ការគណះបក្សប្រជាជនស្រុកចំការលើ ខេត្តកំពង់ចាម មានរៀបចំពីធីប្រកាសសមាសភាពក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់កណ្តាលគណះបក្សប្រជាជនកម្ពុជាចុះជួយស្រុកចំការលើ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក គណះបក្សប្រជាជន ខេត្ត ស្រុក និងឃុំ ជាច្រើនផងដែរ ។
ក្នុងឪកាសនោះ លោក ហ៊ុន ម៉ានិត បានប្រកាសសមាសភាពក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំស្វាយទាប ស្រុកចំការលើ ដែលមានលោក សុក ផេង ជាប្រធានក្រុមការងារចុះជួយឃុំស្វាយទាប ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកចំនួន៨០នាក់ផ្សេងទៀត ។
លោក ហ៊ុន ម៉ានិត បានសម្តែងអំណរសាទរចំពោះសមាសភាពថ្នាក់ដឹកនាំ និងសមាជិកថ្មី របស់គណះបក្សប្រជាជនចុះជួយឃុំស្វាយទាប ក្នុងស្រុកចំការលើ ខេត្តកំពង់ចាម ហើយបានធ្វើការណែនាំដល់ក្រុមការងារថ្មីនេះ ត្រូវសហការជាមួយអជ្ញាធរ និងគណះបក្សប្រជាជននៅមូលដ្ឋានអោយបានល្អ ដើម្បីធ្វើជាមួយប្រជាពលរដ្ឋ និងដោះស្រាយនូវរាល់បញ្ហាផ្សេងៗតាមសំណូមពររបស់ពួកគាត់អោយបានទាន់ពេលវេលា និងចំគោលដៅ ។ ជាមួយគ្នានោះដែរ លោក ហ៊ុន ម៉ានិត ក៍បានជម្រាបជូនពីស្ថានភាពនយោបាយនៅកម្ពុជាបច្ចុប្បន្ន ដែលកំពុងវិវត្តន៍ទៅមុខ ជូនអង្គពិធីបានជ្រាបផងដែរ ៕ ប្រាថ្នា