ខេត្តស្វាយរៀង៖ បុរសជាគ្រូបង្រៀនម្នាក់រងរបួសធ្ងន់ ចំណែកក្មេងប្រុសរងរបួសស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៏ជិះម៉ូតូបត់ឆ្វេងមិនប្រយត្ន័ បុកជាមួយម៉ូតូម្ខាងទៀតពេញទំហឺងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវលេខ ២១៥ ភូមិថ្នល់កែង សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង។
តាមសមត្ថកិចុ្ចនគរបាលក្រុងស្វាយរៀងបានប្រាប់អ្នកសារព័ត៌មាននគរវត្តថា បុរសជាគ្រូបង្រៀនមានឈ្មោះ ទូច ធីយ៉ា អាយុ ៥៦ ឆ្នាំ មុខរបរ គ្រូបង្រៀន និងក្មេងប្រុសរួមដំណើរមានឈ្មោះ ធី យ៉ាវិរះយុទ្ធ អាយុ ០៨ ឆ្នាំអ្នកទាំង២រស់នៅភូមិ ថ្នល់កែង សង្កាត់ ពោធិ៍តាហោ ក្រុង ស្វាយរៀង ខណះជិះម៉ូតូហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ពោធិសាត់ ១A ៣៩៥៧ខូចខាតយ៉ាងដំណំ។
ចំណែកភាគីម្ខាងទៀត មិនត្រូវបានស្គាល់ឈ្មោះទេដោយដឹងថា ជិះម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅក្រោយពីកើតហេតុបានជិះគេចខ្លួនទាំងភិតភ័យ។
បើតាមសាក្សីបានប្រាប់ថា មុនកើតហេតុមាន ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ពោធិ៍សាត់ ១A ៣៩៥៧ជិះគ្នា២នាក់ ដោយធ្វើដំណើរពីលិចទៅកើត ខណៈបានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ស្រាប់តែមានម៉ូតូជិះដោយបុរសម្នាក់ដែល ស្របគ្នាមកពីក្រោយចាបហ្វ្រាំងមិនទាន់ បុកពេញទំហឺងបណ្ដាលឲ្យដួលតែម្តង។
ប្រភពបន្តថា ក្រោយមកបុរសម្នាក់ដែលជិះម៉ូតូមិនស្គាល់ឈ្មោះ មានការភិតភ័យបានលើកម៉ូតូជិះគេចចេញទាំងរងរបួស។
បច្ចុប្បន្នបុរសជាគ្រូបង្រៀនដែលរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យប្រទេសវៀតណាម។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយសារម៉ូតូគ្រូបង្រៀន បត់ឆ្វេងខ្វះការប្រុងប្រយត្ន័ ៕