ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិឥណ្ឌូនេស៊ីបម្រើការងារជាបុគ្គលិកកាស៊ីណូម្នាក់សង្ស័យមុខរបួសធ្វើទុក្ខខ្លាំងបណ្ដាលឲ្យស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជនជាតិឥណ្ឌូនេស៊ី បម្រើការងារជាបុគ្គលិកកាស៊ីណូម្នាក់ បានស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិក និងរាយការណ៍មកសន្តិសុខ និងសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចកាស៊ីណូក្រោន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចបានឲ្យនគរវត្តដឹងថា បន្ទាប់ពីទទួលព័ត៌មានតាម រយ:ទូរស័ព្ទថា នៅចំណុចកាស៊ីណូក្រោនស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានករណីមនុស្សស្លាប់ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដោយមានការសម្របសម្រួលពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងផងដែរ។

ប្រភពបន្តថា សាកសពមានឈ្មោះ អាឡិច សាន់ឌី អិសស្កាដា (ALEXSANDERISKANDAR) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរបុគ្គលិកកាស៊ីណូ (ផ្នែកអនឡាញ)មានទីលំនៅប្រទេសឥណ្ឌូនេស៊ី កាន់លិខិតឆ្លងដែនលេខ x324198 ប្រើទិដ្ឋការប្រភេទ E.។

ប្រភពបន្តថា បុរសខាងលើបានស្លាប់នៅលើរថយន្តពេលបញ្ជួនទៅមន្ទីរពេទ្យ។

ក្រោយពីគណ:កម្មាធិការកោសល្យវិច័យបានពិនិត្យលើសាកសពរួចបានបញ្ជាក់ឲ្យដឹងថា សាកសពស្លាប់ដោយសារជំងឺ ដោយសារតែអការកន្លែងវះកាត់ចាស់ធ្វើទុក្ខរើឡើង ទើបបណ្តាលឲ្យស្លាប់បែបនេះ។

បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចយកមកតម្កល់នៅវត្តពោធិថ្មី (ហៅវត្តបាវិត) រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖