ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ក្រោយធ្វើសកម្មភាពគាស់ផ្ទះលួចឥវ៉ាន់

ចែករំលែក៖

ប៉ោយប៉ែត៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បញ្ជូនជនសង្ស័យទៅតុលាការ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រោយពីរកឃើញថា ជនសង្ស័យបានធ្វើសកម្មភាពគាស់ផ្ទះរបស់ពលរដ្ឋម្នាក់ លួចទ្រព្យសម្បត្តិ និងឥវ៉ាន់ដែលសរុបជាទឹកប្រាក់អស់ជាង១០ម៉ឺនបាតកាលពីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ក្រោយទទួលបានពត៌មាន សមត្ថកិច្ចបានចុះស្រាវជ្រាវទើបឈានដល់ការចាប់ខ្លួនជនសង្ស័យយកមកសួរនាំ។

លោក នួន នីណារ៉ូ មេបញ្ជាការរង អាវុធហត្ថ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ ខ្លួនមានឈ្មោះ ស៊ី បូរ៉ា ហៅអាខ្មោចឆៅ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិឆ្នាន់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។បច្ចុប្បន្នមានទីលំនៅមិនពិតប្រាកដ ស្នាក់នៅនិងធ្វើការនៅផ្សាររោងគ្លឿ ខេត្តស្រះកែវ ប្រទេសថៃ ជាប់ព្រំប្រទល់គ្នា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកបានបន្តថា ការចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចធ្វើឡើងក្រោយពីមានពលរដ្ឋរងគ្រោះម្នាក់ ឈ្មោះ ប៉េង ហ៊ាង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្តឹងឲ្យសមត្ថកិច្ចកងរាជអាវុធហត្ថឲ្យជួយអន្តរាគមន៍ថា ជនសង្ស័យខាងលើនិងបក្ខពួក បានធ្វើកម្មភាពលួចគាត់តូបរបស់ខ្លួនលួចកាបូប និងខោអាវកីឡា អស់ចំនួន១២០កាបូប គិតជាទឹកប្រាក់ ១០៨០០០បាត(ដប់ម៉ឺនប្រាំបីពាន់បាត)។

ជុំវិញករណីខាងលើលោក ម៉ែន ភិរម្យ មេបញ្ជាការរងទទួលបន្ទុកមន្ទីរយុត្តិធម៌ បានឲ្យដឹងថា នៅចំពោះ មុខសមត្ថកិច្ចសួរនាំ ជនសង្ស័យឈ្មោះ ស៊ី បូរ៉ា ហៅអាខ្មោចឆៅ បានឆ្លើយសារភាពថា នៅថ្ងៃទី២០ ខែវិច្ឆិការ ឆ្នាំ២០១៧កន្លងទៅ រូបគេបានទទួលទូរសព្ទ័ពីមិត្តភក្តិម្នាក់ឈ្មោះ ធឿន ប្រាប់ឲ្យទៅជួបនិងជួយជញ្ជូនឥវ៉ាន់នៅ មាត់អូរព្រំដែនកម្ពុជាថៃ ខ្លួនក៏ទៅ ពេលទៅដល់ក៏បានឃើញមានឥវ៉ាន់ជាច្រើនបានវេចខ្ចប់និងច្រកស្បោងធំៗ ហើយជាស្រេច ហើយឈ្មោះ ធឿន បានប្រាប់ថា ឥវ៉ាន់ទាំងនេះលួចគេពីផ្សារថៃមក ចាំពេលលក់បានលុយគេចែកឲ្យចាយ ពេលលក់រួចឈ្មោះ ធឿន បានឲ្យរូបគេ១០០០បាត ចំពោះខោអាវកីឡា១០០កំប្លេទៀតដែលនៅ សល់ ឈ្មោះ ស៊ី បូរ៉ា បានយកទៅលក់ឲ្យស្ត្រីម្នាក់ជាអ្នកលក់ចេកជៀនបានលុ១០០០បាត លុយទាំងនោះត្រូវបានជនសង្ស័យយកទៅចាយវាយ លេងហ្គេមបាញ់ត្រីនៅកាស៊ីណូ និងទិញថ្នាំញៀនជក់អស់ ក្រោយមកត្រូវ សមត្ថកិច្ចចាប់ខ្លួនតែម្តង។

លោកឧត្តមសេនីយត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយសួរនាំ រកឃើញថាជនសង្ស័យមានចម្លើយស៊ីសង្វាក់គ្នាជាមួយអង្គហេតុ ជនសង្ស័យអាចទទួលនូវការ ចោទប្រកាន់ពីបទព្រហ្មទណ្ឌ ។យោងបទបញ្ជារបស់លោក មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕ វណ្ណា


ចែករំលែក៖