ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ភាគច្រើនពលរដ្ឋអឺរ៉ុបចង់មានទំនាក់ទំនងល្អប្រសើរជាមួយប្រទេសរុស្ស៊ីដើម្បីភាពរីកចម្រើន

ចែករំលែក៖

ភាគច្រើនពលរដ្ឋនៅក្នុងប្រទេស អង់ គ្លេស អាល្លឺម៉ង់និងបារាំង មានបំណងចងឲ្យទំនាក់ទំនងរវាងរុស្ស៊ីនឹងសហគមន៍អឺរ៉ុបល្អប្រសើរនឹងគ្នាឡើងវិញ ក្នុងរយៈពេលដ៏ ខ្លីខាងមុខ។ ទាំងនោះជាលទ្ធផលនៃការស្ទង់មតិរបស់បណ្តាញព័ត៌មាន sputnik របស់រុស្ស៊ីសហការជាមួយក្រុមហ៊ុន IFOP របស់បារាំង ដែលបានប្រកាសកាលពីថ្ងៃ ទី២៤ ខែវិច្ឆិកា។

តាមលទ្ធផលស្ទង់មតិ បានឲ្យដឹងថា មានពលរដ្ឋដល់ទៅ៨៧ភាគរយនៅប្រទេសអាល្លឺម៉ង់ចង់ឲ្យមានទំនាក់ទំនងល្អជាមួយរុស្ស៊ីចំណែកនៅប៉ូឡូញ មាន៨៥ភាគរយ រីឯនៅបារាំង និងអង់គ្លេស មាន៧៩និង៦៨ ភាគរយ។ ទាំងនោះបានបង្ហាញឲ្យឃើញ ថា ពលរដ្ឋនៅក្នុងប្រទេសសំខាន់ៗរបស់ អឺរ៉ុបមិនចង់ឲ្យមានការប្រឈមមុខដាក់គ្នា រវាងអឺរ៉ុបនឹងរុស្ស៊ីនោះឡើយ ។

ទំនាក់ទំនងរវាងរុស្ស៊ីនឹងអឺរ៉ុបប្រឈមមុខតានតឹងដាក់គ្នាក្រោយពេលរុស្ស៊ីដាក់ តំបន់គ្រីមៀស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនកាលពីខែមីនា ឆ្នាំ២០១៤ ក្រោយមកទៀតគឺសង្គ្រាមទាមទារផ្តាច់ខ្លួននៅតំបន់ភាគខាងកើតអ៊ុយក្រែន ដោយរុស្ស៊ីបានគាំទ្រក្រុមបះបោរផងដែរ។

អឺរ៉ុបបានអនុម័តដាក់ទណ្ឌកម្មសេដ្ឋ កិច្ចទៅលើរុស្ស៊ី ចំណែករុស្ស៊ីវិញក៏បាន វាយបកដោយ បានហាមនាំចូលផលិតផលកសិកម្មជាច្រើនពីអឺរ៉ុប ។ ទាំងនោះហើយបានធ្វើឲ្យពលរដ្ឋអឺរ៉ុប ពិសេសគឺកសិករធ្វើបាតុកម្មតវ៉ាដោយបន្លែផ្លែឈើរបស់ពួកគាត់គ្មានទីផ្សារ លក់ត្រូវខាតដើម។

ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចគ្នាទៅវិញទៅមក រវាងអឺរ៉ុបនិងរុស្ស៊ីបានធ្វើឲ្យប៉ះ ពាល់យ៉ាងខ្លាំងដល់ភាគីទាំងសងខាង ។ ទាំងនោះហើយបានជារុស្ស៊ី ក៏ដូចជាប្រទេសតំបន់អឺរ៉ុបមួយចំនួនមានបំណងចង់បញ្ចប់សកម្មភាព ដាក់ទណ្ឌកម្មគ្នាដើម្បីសេដ្ឋកិច្ច ប្រទេសទាំងពីររីកចម្រើន។

ផលិតផលដែលអឺរ៉ុបនាំទៅកាន់រុស្ស៊ីភាគច្រើនគឺផលិតផលកសិកម្មចំណែក រុស្ស៊ី នាំទៅកាន់អឺរ៉ុបភាគច្រើនគឺជាថាម ពលប្រេងនិងហ្គាស។

ជាច្រើនឆ្នាំកន្លងមក ការណ៍ដែលរុស្ស៊ីកាត់បន្ថយការនាំចេញថាមពលលក់ទៅឲ្យអឺរ៉ុបក្នុងពេលដែលមានភាពតានតឹងជា មួយលោកខាងលិច ធ្វើឲ្យលោកខាងលិចពិសេសគឺអឺរ៉ុបដេកមិនលក់បក់មិនល្ហើយក្នុងពេលរដូវរងាចូលមកដល់ដែលពលរដ្ឋត្រូវការឧស្ម័នហ្គាសជាចាំបាច់សម្រាប់ដុតកម្តៅ។

ប៉ុន្តែនៅពេលនេះតម្លៃប្រេងថាមពលបានធ្លាក់ចុះ ធ្វើឲ្យប្រសិទ្ធភាពនៃថាមពលប្រេងរបស់រុស្សុីក៏ធ្លាក់ចុះដែរ។ សូម្បីតែក្រុមហ៊ុនថាមពលដ៏ធំរបស់រុស្ស៊ីGazprom ដែល រងការរិះគន់ថាធ្វើការតាមតែបញ្ជារបស់ វិមានក្រិមឡាំង (វិមានប្រធានាធិបតីរុស្ស៊ី)ក៏ត្រូវប្រឈមនឹងបញ្ហាជាច្រើន។លិខិត បញ្ជាទិញឧស្ម័នធម្មជាតិក៏ធ្លាក់ចុះជាបន្ត បន្ទាប់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រចាប់តាំងពីអតីតសហភាពសូវៀតដួលរលំ។

អ្នកឯកទេសវិភាគលោកMikhail Krutikhin មកពីក្រុមហ៊ុនប្រឹក្សាRusEnergy មានទីតាំងនៅទីក្រុងមូស្គូ បញ្ជាក់ថា«Gazpromពេលនេះកំពុងស្ថិតនៅក្នុងដំណាក់កាលមិននឹងន ដោយសារតែប្រាក់ចំណូលរបស់ក្រុមហ៊ុនថយចុះយ៉ាងខ្លាំង»។

កន្លងមកក្រុមហ៊ុនGazprom ធ្លាប់បានចាត់ទុកថាជាក្រុមហ៊ុននាំថាមពលប្រេង ឧស្ម័នធំបំផុតនៅលើពិភពលោក។ កាលពីឆ្នាំ២០០៨អគ្គនាយកក្រុមហ៊ុននេះធ្លាប់បានប្រកាសថានៅពាក់កណ្តាលទសវត្សនេះ គឺនៅឆ្នាំ២០១៥ ប្រាក់ចំណូលរបស់ក្រុមហ៊ុននឹងកើនឡើងរហូតដល់ទៅ ១.០០០ពាន់លានដុល្លារ។

កាលពីសម័យសហភាពសូវៀត អឺរ៉ុបបានទិញឧស្ម័នធម្មជាតិភាគច្រើនពីប្រទេសជិតខាងដែលសម្បូរទៅដោយថាមពលប្រេងហ្គាស រហូតដល់ទៅប្រទេសលោកខាងកើតទៀតផង។នៅពេលសូវៀតដួល រលំអឺរ៉ុបខាងកើតនៅតែបន្តអាស្រ័យទាំងស្រុងទៅលើការផ្គត់ផ្គង់ពីរុស្ស៊ី។ បណ្តា ប្រទេសនៅតំបន់បាល់កង់ ដូចជាហុងគ្រី និងប្រទេសបាល់ទិក ជាប្រទេសអាស្រ័យទាំងស្រុងទៅលើថាមពលរបស់រុស្ស៊ីដែលមកទល់ពេលនេះរុស្ស៊ីនៅតែបន្តផ្គត់ផ្គង់ថាមពលហ្គាសរហូតដល់ទៅ១ភាគ៣នៃតម្រូវការប្រើប្រាស់នៅអឺរ៉ុប។

ប៉ុន្តែក្រោយពេលរុស្ស៊ីកាត់បន្ថយការនាំចេញថាមពលនៅឆ្នំា២០០៦និង២០០៩ដោយសារតែភាពតានតឹងនយោបាយ អឺរ៉ុបក៏បានចាប់ផ្តើមស្វែងរកប្រភពផ្គត់ផ្គង់ផ្សេងទៀតមកជំនួសវិញ។ជាការពិតក្រុមហ៊ុនGazprom របស់រុស្ស៊ីលក់ថាមពលថ្លៃជាងប្រទេសនានាទាំងអស់។

លោកDieter Helm សាស្ត្រាចារ្យនៅសាកលវិទ្យាល័យថាមពលOxford បាន បញ្ជាក់ថា «រុស្ស៊ីដាំគ្រាប់ពូជណានឹងទទួលបានផ្លែនោះ។រុស្ស៊ីចង់ឲ្យមានស្ថានភាពផ្គត់ផ្គង់មិនប្រសើរធ្វើឲ្យប្រទេសជាអតិថិជនត្រូវស្វែងរកកន្លែងផ្សេងមកជំនួស មិនអាចទុកឲ្យស្ថានភាពបែបនេះអូសបន្លាយ ឡើយ។ក្នុងពេលនេះប្រភពផ្គត់ផ្គង់កាន់តែសម្បូរបែប ធ្វើឲ្យអឺរ៉ុបមិនខ្វល់ពីការគំរាមកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីឡើយ»។

ក្នុងពេលជាមួយគ្នានេះប្រភពផ្គត់ផ្គង់ ឧស្ម័នធម្មជាតិពីអាមេរិកសម្បូរបែបដោយសារតែក្រុមហ៊ុនឧស្សាហកម្មខួងយករ៉ែថ្មសែលកើតឡើងយ៉ាងច្រើន។ សូម្បីតែអ៊ុយក្រែនជាប្រទេសអាស្រ័យទាំងស្រុងទៅនឹងថាមពលរបស់រុស្ស៊ីពេលនេះក៏បានកាត់ បន្ថយផងដែរ ក្រោយពេលដែលរដ្ឋាភិបាលទីក្រុងមូស្គូបានសម្រេចដាក់បញ្ចូលតំបន់ស្វយ័តគ្រីមៀស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។ សូម្បីតែអាកាសធាតុក៏មិនជួយដល់រុស្ស៊ីនោះដែរ កាលពីរដូវត្រជាក់ពេលកន្លងមកក៏មិនត្រជាក់ដូចជាឆ្នាំមុនៗ ហើយពលរដ្ឋក៏បានកាត់បន្ថយការប្រើប្រាស់ឧស្ម័នដុតកម្តៅនោះដែរ។

ក្រសួងសេដ្ឋកិច្ចរុស្ស៊ីបានព្យាករថា ការ ខួងយកថាមពលរបស់Gazprom នឹងថយចុះដល់ទៅ៧ភាគរយក្នុងឆ្នាំនេះគឺជាការធ្លាក់ចុះខ្លំាងបំផុតមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន។មួយវិញទៀតតម្លៃប្រាក់រុស្ស៊ីក៏បានធ្លាក់ចុះដល់ទៅពាក់កណ្តាលដែរប្រើប្រៀបធៀបនឹងប្រាក់ ដុល្លារអាមេរិក ទាំងនោះហើយធ្វើឲ្យសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនហ្គាសរបស់ រុស្ស៊ីត្រូវធ្លាក់ចុះដូចគ្នា។ បញ្ហាទាំងនោះគឺដោយសារតែការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិចទៅលើសេដ្ឋកិច្ចរបស់រុស្ស៊ី។

ដើម្បីកាត់បន្ថយការអាស្រ័យទាំងស្រុងទៅលើអតិថិជននៅតំបន់អឺរ៉ុប ក្រុមហ៊ុន ថាមពលរបស់រុស្ស៊ីក៏បានបង្វែរទិសដៅរកសុីជាមួយប្រទេសលោកខាងកើតវិញម្តង ដោយរុស្ស៊ីបានចុះកិច្ចព្រមព្រៀងផ្តល់ឧស្ម័នហ្គាសជាប្រវត្តិសាស្ត្រទៅឲ្យប្រទេសចិនកាលពីឆ្នាំ២០១៤។ កិច្ចព្រមព្រៀងនោះ នឹងត្រូវចំណាយពេលជាច្រើនឆ្នាំទើបមានផលិតផល។ ទម្រាំតែការសាងសង់បំពង់បង្ហូរឧស្ម័នទៅកាន់ប្រទេសចិនរួច សេដ្ឋ កិច្ចចិនក៏អាចធ្លាក់ចុះហើយពេលនោះចិនក៏កាត់បន្ថយការនាំចូលពីរុស្ស៊ីផងដែរ។

ក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះរុស្ស៊ីនៅតែបន្តប្រឈមមុខតានតឹងខាងសេដ្ឋកិច្ចដោយសារតែការដាក់ទណ្ឌកម្មរបស់អឺរ៉ុបនិងអាមេរិក។អ្វីដែលជាផលលំបាករបស់ រុស្សុីនាពេលនេះគឺអឺរ៉ុបមិនត្រូវការថាមពលពីរុស្ស៊ីទៀតឡើយ ក្រោយកិច្ចព្រមព្រៀង បរមាណូជាមួយអីុរ៉ង់ ថាមពលអុីរ៉ង់នឹងហូរចូលអឺរ៉ុបជំនួសរុស្ស៊ីវិញ។ អីុរ៉ង់គឺជាប្រទេសមានថាមពលហ្គាសឈរលំដាប់ទី២បន្ទាប់ពីរុស្ស៊ី ហើយអីុរ៉ង់មានថាមពលគ្រប់គ្រាន់សម្រាប់ផ្តល់ឲ្យអឺរ៉ុបក្នុងតម្លៃថោកជាង ប្រទេសរុស្ស៊ីទៅទៀត៕ ម៉ែវ សាធី


ចែករំលែក៖