ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់លោក អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរដឹកនាំមន្រ្តីជំនាញក្រោមឱវាទ ចុះបង្រ្កាបមុខសញ្ញាប្រើប្រាស់ និងចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួន ៣នាក់ រួមទាំងវត្ថុតាង និងសម្ភារ។
ប្រតិបត្តិការខាងលើធ្វើឡើងនារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចបឹងយាយហើម ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា មុខសញ្ញាទាំង ៣នាក់ត្រូវបានកម្លាំងឃាត់ខ្លួនទី១ ឈ្មោះ លី កាក់ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកាប៉ាស ឃុំឈើតុំ ស្រុកក្រគរ ទី២ ឈ្មោះ ចិន ចាន់ ភេទប្រុស ១៦ឆ្នាំ ជនជាតិខ្មែរ និងទី៣ ឈ្មោះ ហុក ហួ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង ២នាក់ រស់នៅភូមិបំណក់់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដកហូតនូវវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុចំនួន ០១កញ្ចប់តូច និងសម្ភារមានទូរស័ព្ទដៃចំនួន ០២គ្រឿងម៉ាក អាយហ្វូន និងណូគា ម៉ូតូ ០១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DM 1354 ។
ទន្ទឹមការឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់រួមទាំងវត្ថុតាង និងសម្ភារខាងលើ ឈានដល់ការឆែកឆេរទីតាំងមុខសញ្ញាចែកចាយដោយខុសច្បាប់នូវសារធាតុញៀន លំនៅឋានរបស់ឈ្មោះ ង៉ែត សុខា ភេទស្រី អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដង្កៀបក្តាម ឃុំឈើតុំ ស្រុកក្រគរ លទ្ធផល៖ រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៨កញ្ចប់តូច និងឧបករណ៍សង្ស័យសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ស្រ្តីម្ចាស់លំនៅឋានប្រាប់ថា វត្ថុតាងខាងលើនេះ ជារបស់កូនប្រុសឈ្មោះ ញុិល ពេជ្រ អាយុ ២១ឆ្នាំ ទៅខេត្តព្រះវិហារបាត់ហើយ។
ស្រ្តីម្ចាស់លំនៅឋានមិនបានឃាត់ខ្លួនទេ ដោយស្រ្តីនេះគាត់មើលចៅប្រុស អាយុ ៤ខែ ខណៈម្ដាយរបស់គេទៅធ្វើការរោងចក្រ នៅឯរាជធានីភ្នំពេញ ដោយឡែក៖ ជនជាប់ពាក់ព័ន្ធខាងលើរួមទាំងវត្ថុតាង និងសម្ភារ បាននាំយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តនីតិវិធី និងបំពេញសំណុំឯកសារមួយចំនួន បញ្ជូនបន្តទៅការិយាល័យជំនាញគ្រឿងញៀននៃស្នងការដ្ឋានចាត់ការបន្ត៕ ប៉ឹម ពិន