ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចងកសម្លាប់ខ្លួនសង្ស័យមានជំងឺសរសៃប្រសាទ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ គេបានប្រទះឃើញសាកសពបុរសម្នាក់ចងកនឹងធ្នឹមផ្ទះបណ្តាលឲ្យបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។

ករណីនេះ អាជ្ញាធរមូលដ្ឋានបានដាក់ការសន្ធិដ្ឋានថា អាចបណ្ដាលមកពីមានជំងឺប្រចាំកាយរ៉ាំរ៉ៃ និងសរសៃប្រសាទ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិជ័រម្គាន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលស្រុកក្រគរបានឲ្យនគរវត្តដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ខ្លឹម ឈាង ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំកើតហេតុខាងលើ មានប្រពន្ធឈ្មោះ ម៉ី មុំ និងកូនប្រុសស្រីចំនួន៥នាក់ក្នុងបន្ទុកគ្រួសារ។

ប្រភពព័ត៌មានខាងលើបន្តថា ជនរងគ្រោះបានយកខ្សែនីឡុងចងព្យួកជាប់នឹងធ្នឹមលើផ្ទះ ដែលមានកម្ពស់ប្រមាណជាង២ម៉ែត្រ ខណៈដែលប្រពន្ធកូនជាប់រវល់មិននៅផ្ទះ ដែលករណីនេះ ត្រូវគេសង្ស័យថាអាចបណ្ដាលមកពីជនរងគ្រោះធុញថប់ក្នុងខ្លួន ខណៈគាត់មានជំងឺប្រចាំកាយរ៉ាំរ៉ៃរហូតចង់សរសៃប្រសាទទៅហើយនោះ។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា បញ្ញាខាងលើអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលត្នោតជុំ ចុះពិនិត្យ និងស្រាវជាវជុំវិញកន្លែងកើតហេតុយ៉ាងយកចិត្តទុកដាក់ លទ្ធផល៖ ពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មនោះទេ ។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន


ចែករំលែក៖