ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិវៀតណាម២នាក់ រួចជាមួយកញ្ឆាក្រៀម២គីឡូក្រាម

ចែករំលែក៖

ខេត្តតាកែវ ៖ ជនសង្ស័យជាជនជាតិវៀតណាម២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកគិរីវង់ ឃាត់ខ្លួនតាមការរាយការណ៍របស់ប្រជាពលរដ្ឋ ដែលពួកគេបម្រុងនាំកញ្ឆាឆ្លងដែនទៅប្រទេសវៀតណាម ដែលហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង១៥និង០២នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិទូលពង្រ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកគិរីវង់ បានឲ្យសារព័ត៌មាននគរវត្តដឹងថា បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋ ថាមានកាបូបស្ពាយពណ៌ផ្កាឈូកមួយទុកចោលនៅចំណុចខាងលើ ភ្លាមៗនោះលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានដឹកនាំកម្លាំងទៅពិនិត្យឃើញថា ក្នុងកាបូបនោះមានកញ្ឆាក្រៀមនូវក្នុងនោះ១ស្បោងខ្មៅ ។

ដោយមានការសង្ស័យអំពីករណីជួញដូរកញ្ឆាឆ្លងដែនទៅប្រទេសវៀតណាម និងតាមការចង្អុរបង្ហាញពីឯកឧត្តមស្នងការគរបាលខេត្ត លោកអធិការ បានរៀបចំកម្លាំងឃ្លាំមើល និងពួនស្ទាក់ លុះដល់វេលាម៉ោង១៩និង០០នាទី ថ្ងៃខែឆ្នាំដដែល ក៏មានមានម៉ូតូ០១គ្រឿងជិះគ្នាពីរនាក់ ម៉ាកហុងដា វេវ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ៦៧.H៩៦១៧២ ជិះសំដៅទៅកន្លែងលាក់ទុកកញ្ឆាក្រៀមនោះ និងយកកញ្ចប់កញ្ឆាបម្រុងជិះចេញ ទើបកម្លាំងសមត្ថិកិច្ចឃាត់ខ្លួន ដើម្បីសារសួរ តែម្តង ។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា ជនសង្ស័យទាំង០២នាក់ខាងលើមានទី១.ឈ្មោះ ហ្វាង ង៉ុកយ៉ាវ ភេទប្រុសអាយុ២២ឆ្នាំ (ជនជាតិវៀតណាម) ទីលំនៅភូមិអាងថាន់ ឃុំលេទ្រី ស្រុកទ្រីទង ខេត្តអាងយ៉ាង និងទី២.ឈ្មោះ ឡេ ចុងដា ភេទប្រុស អាយុ១៧ឆ្នាំ (ជនជាតិវៀតណាម ) ទីលំនៅភូមិ_ឃុំជាមួយគ្នា ។ ក្រោយពេលសាកសួរជនសង្ស័យបានឆ្លើយសារភាពថា កញ្ឆាក្រៀមនេះគឺរូបគេទិញក្នុងគោលបំណងយកឆ្លងដែនទៅប្រទេសវៀតណាមប្រាកដមែន ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ ម៉ូតូ១គ្រឿង,កញ្ឆាក្រៀម២គីឡូក្រាម និងទូរសព្ទ័ដៃ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី និងស្វែងរកមេក្លោងមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ ភ្នំដា


ចែករំលែក៖