ភ្នំពេញ៖ បុរសម្នាក់ត្រូវបានពលរដ្ឋអ្នកធ្វើដំណើរប្រទះឃើញដេកផ្កាប់មុខស្លាប់ នៅលើដងផ្លូវកាលពីវេលាម៉ោងជាង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចលើដងផ្លូវដីក្រហមកំពុងឈូសឆាយ ស្ថិតក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ ដែលសង្ស័យអាចជាករណីគ្រោះថ្នាក់ចរាចរណ៍។
សមត្ថកិច្ចចរាចរណ៍ម្នាក់បានប្រាប់ថា មានអ្នកបើកបររថយន្តឡិចស៊ីស១គ្រឿងបានឆ្លងកាត់គោលដៅយាមនៅចំណុចផ្សារថ្នល់បត់ ហើយបានប្រាប់ដល់សមត្ថកិច្ចយើងថា មានមនុស្សដេកផ្កាប់មុខស្លាប់នៅកណ្តាលផ្លូវ។ ភ្លាមៗនោះក៏នាំគ្នាជិះម៉ូតូមកពិនិត្យមើល ក៏មានស្នាមកង់ឡានកិនពីលើខ្នងសាកសព និងបែកក្បាលធ្លាយខួរខ្ទាតពេញផ្លូវ ដែលយើងអាចសន្និដ្ឋានថាជាករណីធ្លាក់ពីលើឡាន។
សមត្ថកិច្ចពន្យល់ថា បើយើងពិនិត្យមើលសាកសពមិនមែនជាអ្នកភូមិនេះទេ ព្រោះសាកសពមានស្លៀកតែខោលីអូ ចឹងអាចជាកម្មករព្រូឡានផងដែរ។
បុរសម្នាក់ជាអ្នកភូមិក៏បានបញ្ជាក់ឲ្យដឹងដែរថា នៅពីប្រលប់ពុំមានករណីគ្រោះថ្នាក់ចរាចរណ៍អ្វីទេ ទើបតែឮក្រុមសមត្ថកិច្ចមកស្រែកឡូឡានៅម៉ោងជាង៣ទៀបភ្លឺនេះ ទើបចេញមកក៏ឃើញសភាពបែបនេះ។ អ្នកភូមិដដែលបន្តថា ជនរងគ្រោះមិនមែនជាអ្នកភូមិនេះទេ។
បន្ទាប់សមត្ថកិច្ចក៏បានបន្តធ្វើការត្រួតពិនិត្យ និងហ៊ុំព័ទ្ធខ្សែជាសញ្ញាហាមឃាត់មិនអនុញ្ញាតឲ្យពលរដ្ឋណាចូលជិតសាកសព។ ទោះបីជាយ៉ាងនេះក្តីនៅក្នុងខ្លួនសាកសពពុំមានអត្តសញ្ញាណសម្គាល់ឡើយ ហើយភាគច្រើនជាករណីគ្រោះថ្នាក់ចរាចរណ៍មិនមែនជាករណីឃាតកម្មនោះទេ៕ តាឡឹម