ព័ត៌មានទាន់ហេតុការណ៍៖

ទំនងជាស្រវឹងបើករថយន្ដសេរីទំនើបបួងចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតផ្នែកខាងមុខទាំងស្រុង

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដសេរីទំនើបមួយគ្រឿងម៉ាកកាមរីហាយព្រីដ ទំនងជាម្ចាស់ស្រវឹងបើកក្នុងល្បឿនលឿន បួងចង្កូតបត់មិនទាន់ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យ រថយន្ដគៀបជាប់ជាមួយរបាំងថ្មខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង តែមិនបណ្ដាលឲ្យអ្នកជិះក្នុងរថយន្ដរងរបួសនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣និង០០នាទីទៀបភ្លឺ ថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវ៥១កែងមហាវិថីព្រះសីហនុ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្ដបង្កម៉ាកកាមរី ហាយព្រីដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AM-3954 ជិះដោយបុរសបីនាក់ និងនារីម្នាក់ក្រោយពីបង្កហេតុគេចខ្លួនបាត់។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្កធ្វើដំណើរតាមបណ្ដោយលេខ៥១ ទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ហើយពេលមកដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកែងរថយន្ដបានបួងចង្កូតបត់ស្ដាំទាំងបង្ខំ តែបួងមិនផុត ក៏ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរបាំងថ្មខូចខាតបន្តិចបន្ទួច ចំណែករថយន្ដគៀបជាប់របាំងថ្មខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង តែមិនបណ្ដាលឲ្យអ្នកជិះក្នុងរថយន្ដរងរបួសនោះទេ។

ប្រភពបានបន្តថា ក្រោយពីបង្កហេតុអ្នកជិះក្នុងរថយន្ដបាននាំគ្នាចុះពីរថយន្ដហើយគេចខ្លួនបាត់អស់ បន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ។ ក្រោយទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ និងបានសហការណ៍ជាមួយកម្លាំងជំនាញចុះវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖