ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីក្មេងស្រីម្នាក់មិនបានសម្រេចហើយក៍ទាក់ដៃចង្កូតគ្នាដួលក្រោយមកនគរបាលយកទៅពិនិត្យទឹកនោមមានសារធាតុញៀនបន្ថែមទៀត កាលពីវេលាម៉ោង៧និង០០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវលេខ២៧១ ត្រង់ចំណុចមុខសាកលវិទ្យាល័យមេគង្គកម្ពជា ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ដើមបណ្តឹងឈ្មោះ គឹម សុវណ្ណធីតា ភេទស្រី អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ចំណែកជនសង្ស័យឈ្មោះ ភន មីដា អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។មានស្រុកកំណើតភូមិស្លាឃុំស្រង់ស្រុកគងពិសីខេត្តកំពង់ស្ពឺ។

តាមសំដីដើមបណ្តឹងបានប្រាប់ថា មុនកើតហេតុ នាងបានជិះម៉ូតូជាមួយឪពុកឈ្មោះគឹម សុផល អាយុ៧១ឆ្នាំ ដោយចេញពីសាលារៀនគោលបំណងទៅផ្ទះជួលដោយជិះតាមផ្លូវ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចខាងលើ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមកពីក្រោយលូកយកទូរស័ព្ទដៃ ដែលនាងកំពុងចុចលេងលើម៉ូតូ ភ្លាមៗ នាងស្រែកចោរៗហើយម៉ូតូឪពុកនាងបានដួលកៀបជាប់ជាមួយម៉ូតូជនសង្ស័យ និងឃាត់បានភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានប្រកែកថា ខ្លួនមិនបានធ្វើសកម្មភាពដូចជនរងគ្រោះចោទប្រកាន់ឡើយ តាមពិតវាជារឿងគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូរបស់ខ្លួនបានទាក់ដៃចង្កូតជាមួយម៉ូតូជនរងគ្រោះប៉ុណ្ណោះ។

សមត្ថកិច្ចបានប្រាប់ថា ក្នុងករណីឃាត់បុរសជាជនសង្ស័យមកសាកសួរនេះភ្លាមៗ សមត្ថកិច្ចបានធ្វើតេស្តទៅលើទឹកនោមជនខាងលើឃើញជាលទ្ធផលបុរសខាងលើក្នុងទឹកនោមមានផ្ទុកនូវសារធាតុញៀនដូចនេះ ទោះបីបុរសខាងលើប្រកែកថា មិនបានឆក់ទូរស័ព្ទជនរងគ្រោះ ក៏សមត្ថកិច្ចមានសិទ្ធិឃាត់ខ្លួនជនសង្ស័យខាងលើដោយចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀនវិញ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕ តុង សីហា


ចែករំលែក៖