ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិកូរ៉េបើកបររថយន្តមិនប្រយ័ត្នបុកកម្មការិនីរោងចក្រ២នាក់ជិះម៉ូតូឆ្លងផ្លូវរបួសធ្ងន់ និងម្នាក់ទៀតមានផ្ទៃពោះ

ចែករំលែក៖

ភ្នំពេញ៖ កម្មការិនី២នាក់បានរងរបួសធ្ងន់ និងម្នាក់ទៀតកំពុងមានផ្ទៃពោះផងដែរនោះ កំពុងស្ថិតក្រោមការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យដោយកម្មការិនីទាំង២នាក់នេះ បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចលើផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈដែលកំពុងជិះម៉ូតូឌុបគ្នាទៅផ្ទះ ដែលបង្កឡើងដោយរថយន្ត១គ្រឿងបើកបរដោយជនជាតិកូរ៉េ។

ប្រភពពីអ្នកភូមិដែលបានឃើញហេតុការណ៍នេះបាននិយាយថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះ២នាក់នោះជិះម៉ូតូឌុបគ្នាពីជើងមកត្បូងលុះមកដល់ចំណុចកើតហេតុគេម៉ូតូនោះបត់ឆ្លងផ្លូវ ហើយគាប់ជួនពេលរថយន្តនោះបើកយ៉ាងលឿនពីត្បូងមកមិនមើលម៉ូតូគេឆ្លងផ្លូវក៏ជាន់ហ្វ្រាំងអូសជាង២០ម៉ែត្រមកបុកម៉ូតូពេញទំហឹងតែម្តង បណ្តាលឲ្យស្ត្រីនោះនាក់ដួលរយះជើង និងស្ត្រីម្នាក់ទៀតមានផ្ទៃពោះផងដែរ។ ដោយសាររងចាំរថយន្តសង្គ្រោះយូរពេកគេលើកពួកគាត់ដាក់លើម៉ូតូកង់៣ដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ។

សមត្ថកិច្ចក៏ចុះដល់កន្លែងកើតហេតុបានប្រាប់ថា ជនរងគ្រោះឈ្មោះ ឆុន លីដា ភេទស្រី អាយុ២២ឆ្នាំ(មានផ្ទៃពោះ) និងឈ្មោះ ទួន ណារ៉ា ភេទស្រី អាយុ៣៨ឆ្នាំ(របួសជើងធ្ងន់) អ្នកទាំងមានទីលំនៅភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោជិះម៉ូតូ១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GL-1337។

ដោយឡែករថយន្តបង្កហេតុម៉ាកកូរ៉ឡា ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ2G-4843 បើកបរដោយជនជាតិកូរ៉េ។ ក្រោយធ្វើការវាស់វែងរួចទាំងរថយន្ត និងម៉ូតូត្រូវបាននាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រងចាំធ្វើការដោះស្រាយទៅតាមនីតិវិធី៕ តាឡឹម


ចែករំលែក៖