ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីកីឡាកាយសម្ព័ន្ធរំពឹងថា ព្រឹត្តិការណ៍កីឡាជាតិលើកទី២អាចមានអត្តពលិក១០០នាក់

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្នុងសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានសម្តែងនូវ ការជឿជាក់ចំពោះធនធានមនុស្សក្នុងវិស័យកីឡាកាយសម្ព័ន្ធ តាមរយៈការប្រកួតសដណ្តើមពានរង្វាន់ លោក បណ្ឌិត ថោង ខុន លើកទី១ ដោយសហព័ន្ធបានសម្រិតសម្រាំង កីឡាករកីឡាការិនី មកពីតាមបណ្តាខេត្ត ក្រុងមួយចំនួនក្នុងប្រទេសកម្ពុជា។

លោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា មានប្រសាសន៍ថា ការប្រកួតកីឡាកាយសម្ព័ន្ធដណ្តើមពានរង្វាន់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា គឺធ្វើតាមលំនាំកីឡាជាតិ ដ្បិតការប្រកួតនេះ សហព័ន្ធមានកីឡាករកីឡាការិនី ត្រឹមតែ៨១នាក់ មកពីខេត្តចំនួន៤ ប៉ុន្តែចំនួនក្លិបនៅរក្សាដដែល ។

លោក អគ្គលេខាធិការ បានបន្តថា តាមរយៈការប្រកួតនេះ លោករំពឹងថា ការប្រកួតកីឡាកាយសម្ព័ន្ធជាតិលើកទី២ នឹងមានកីឡាករកីឡាការិនីកើនលើសពី១០០នាក់ ។ ការប្រកួតកីឡាកាយសម្ព័ន្ធដណ្តើមពានរង្វាន់ ប្រធានសហព័ន្ធខាងលើ លោក ណយផាន់ណា បញ្ជាក់ថា សហព័ន្ធចង់បង្ហាញឲ្យឃើញនូវប្រសិទ្ធភាព ហើយរំលេចចេញនូវគុណផល ។ តាមផែនការយុទ្ធសាស្ត្រ របស់សហព័ន្ធ គោលដៅសំខាន់បំផុតនោះ គឺការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា ថ្នាក់តំបន់ដ៏ធំលើកដំបូងរបស់ខ្លួន។

លោកបញ្ជាក់ថាដៅទី១-របស់សហព័ន្ធគឺត្រៀមបណ្តុះបណ្តាលកីឡាករកីឡាការិនី ថ្នាលអាយុចន្លោះពី១២ -១៣ឆ្នាំឡើង សមល្មមដល់ឆ្នាំ២០២៣ ពួកគេនឹងមានអាយុចន្លោះ ពី១៨ ដល់២៣ឆ្នាំ អាចចូលរួមប្រកូតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមបាន ។

ទី២- សហព័ន្ធនឹងសម្រួចគុណផលក្រុមជម្រើសជាតិ ទាំងឈុតធំ និង ឈុតថ្នាល តាមរយៈការចូលរួមប្រកួតកីឡាជាតិលើកទី២ ទី៣និងទី៤ ព្រមទាំង ចូលរួមព្រឹត្តិការណ៍ជាលក្ខណៈអន្តរជាតិមួយចំនួន ពិសេសការប្រកួតយុវជនអាយុក្រោម១៤ដល់១៦ឆ្នាំ ដែលគេហៅថា ( Age Groups ) ។

លោកបានបញ្ជាក់ថា ទន្ទឹមនឹងការប្រកួតនេះដែរ សហព័ន្ធបានបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាល អន្តរជាតិបាន២នាក់ និង ចៅក្រម អាជ្ញាកណ្តាលជាតិ ១៣នាក់ ប៉ុន្តែចំនួនចៅក្រម អាជ្ញាកណ្តាល កម្រិតអន្តរជាតិយើងត្រូវ តែមានយ៉ាងតិច៦នាក់ ព្រោះការប្រកួត អាចមានចាប់ពី២ទៅ៣នាក់សម្រាប់ម្ចាស់ផ្ទះ ដោយឡែកចៅក្រម អាជ្ញាកណ្តាល អន្តរជាតិ មកពីបណ្តាប្រទេសផ្សេងៗ អាចចូលរួមបានត្រឹមម្នាក់ឬ២នាក់ប៉ុណ្ណោះ ។

លោកបញ្ជាក់ទៀតថាចំពោះចៅក្រម អាជ្ញាកណ្តាល អន្តរជាតិ បើយើងមានច្រើន គឺជួយសម្រួលដល់កិច្ចការបច្ចេកទេស របស់ប្រតិភូកីឡាបានច្រើន ដូចជា ការប្រកួត ត្រូវបានគេកែប្រែ កិច្ចប្រជុំពាក់ព័ន្ធផ្សេងៗ ដែលសហព័ន្ធអន្តរជាតិគេតម្រូវជាចាំបាច់នោះ ។

គួររំលឹកថា ការប្រកួតកីឡាកាយសម្ព័ន្ធដណ្តើមពានរង្វាន់ ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធលើកទី១ មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងសាលដំបូលទូក ក្នុងបរិវេណពហុកីឡដ្ឋានជាតិភ្នំពេញ ៕សារីម


ចែករំលែក៖