ភ្នំពេញៈ ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃ១ ដេញតាម ក្រោយពីពួកគេទាំង ២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមិនបានសម្រេច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០១៧ ដែលនៅត្រង់ចំណុចផ្លូវលេខ១៩៣ កែងផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ខាងលើ ទី១-ឈ្មោះ លី បូរិទ្ធ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្សវិទ្យាល័យ ច្បារអំពៅ ស្នាក់នៅបុរី ប៉េង ហួត បឹងស្នោ សង្កាត់និរោត ខណ្ឌច្បារអំពៅ និងទី២-ឈ្មោះ សុ ភ័ណ្ឌសីហា ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្សវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្នាក់នៅម្តុំបឹងកក់១ ខណ្ឌទួលគោក។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនកើតហេតុជនសង្ស័យទាំង ២នាក់ខាងលើ ជិះម៉ូតូ មួយគ្រឿង ម៉ាក់ Air Blade ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1L-6878 បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៣ កែងផ្លូវម៉ៅសេទុង ខណៈធ្វើដំណើរមកដល់ចំណុចមុខធានាគារ ហុង លីអុង ស្រាប់តែជនសង្ស័យទាំង ២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ មួយគ្រឿងពីនារីម្នាក់ មិនបានសម្រេច ហើយជនសង្ស័យទាំង ២នាក់នេះបានព្យាយាមជិះរត់គេចខ្លួន ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃ១ ដេញតាមឃាត់ខ្លួនជនសង្ស័យទាំង ២នាក់បានភ្លាមៗ។ ក្រោយពីកើតហេតុ សមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកប៉ុស្តិ៍ ដើម្បីសាកសួរ។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធី៕ ស រស្មី