ព័ត៌មានទាន់ហេតុការណ៍៖

ប្រណាំងយានយន្តប្រភេទ RALLY ឆ្លងកាត់ឧបសគ្គ នៅមណ្ឌលគិរី ដើម្បីផ្សព្វផ្សាយតំបន់អូកូទេសចរណ៍កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ដោយទទួលបានការគាំទ្រពីសហព័ន្ធកីឡាយានយន្ដកម្ពុជា សាលាក្រុងសែនមនោរម្យ និង សាលាខេត្តមណ្ឌលគិរី និងទទួលបាន ការចូលរួមឧបត្ថម្ភពីក្រុមហ៊ុនមួយចំនួនផងនោះក្រុមហ៊ុន ការ៉ាដែលជាភ្នាក់ងាររៀបចំការ ប្រណាំងរថយន្តនៅកម្ពុជា បានប្រកាសរៀបចំរដូវកាលប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ កម្រិតអន្តរជាតិ ដោយប្រសិទ្ធនាមថា «Khmer Rally Raid 2017 » ពីថ្ងៃទី៨ ដល់ ១០ ខែធ្នូឆ្នាំ២០១៧ ។

លោក ពៅ តិចឡេង អគ្គនាយកក្រុមហ៊ុនការ៉ា (KARA)បានចាត់ទុកថា នេះជាលើកទី១ ដែលការ៉ាបានរៀបចំការប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គកម្រិតអន្តរជាតិ ក្នុងគោលបំណងអភិវឌ្ឍវិស័យកីឡាយានយន្តប្រភេទរ៉ាលី (RALLY) នៅកម្ពុជា និង ផ្សព្វផ្សាយពីវិស័យអេកូទេសចរណ៍នៅខេត្តមណ្ឌលគិរីផងដែរ។លោកប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍នេះមានរថយន្ត និង ម៉ូតូ ចូលរួមប្រកួតឆ្លងកាត់ឧបសគ្គនេះ មកពីបណ្តាប្រទេសចំនួន ១០ គឺ កម្ពុជាម្ចាស់ផ្ទះ ថៃ ឥណ្ឌា អ៊ីស្រាអែល អូស្ត្រាលី ញូវហ្សេឡេន ហុល្លង់ អាមេរិក និង អង់គ្លេស សរុបមានកីឡាករ ៤៣នាក់ ។

លោក ទ្រឿង ហៅ អ្នកបច្ចេកទេសប្រចាំក្រុមហ៊ុនការ៉ា បានឱ្យដឹងថា ការប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ មាន៤ប្រភេទ ទី១-ជាប្រភេទម៉ូតូ ចំនួន២៣នាក់ មានទាំងកីឡាករកម្ពុជា និង បរទេស, ទី២-ប្រភេទរថយន្ត UTV ចំនួន៥គ្រឿង មានអ្នកបើកបរ៥នាក់ និង ជំនួយការ៥នាក់ ក្នុងនោះកីឡាករកម្ពុជា៨នាក់ និង ថៃ២នាក់, ទី៣- ប្រភេទរថយន្តប្រណាំងចំនួន១០គ្រឿង មានកីឡាករបើកបរ១០នាក់ ជំនួយការ១០នាក់ និង ទី៤-ជារថយន្ត របស់ក្រុម ដែលបានមកចូលរួមក្នុងកម្មវិធីនេះ គឺមានរថយន្តប្រណាំងមួយគ្រឿង និង ម៉ូតូ៣គ្រឿង ។ ទីតាំងប្រណាំងធ្វើនៅក្នុងឃុំដាក់ដាំ ស្រុកអូររាំង ដោយមានស្ថានភាពទីទួល ភ្នំ ស្ពាន អូរ ព្រៃ រយៈពេល២ថ្ងៃ គឺថ្ងៃទី០៨-០៩ ខែធ្នូឆ្ន២០១៧ ដើម្បីឲ្យគណៈកម្មការ បូកសរុបពិន្ទុទាំងពីរថ្ងៃ រកជើងឯក ប្រចាំរដូវកាលនេះ ។

ដោយឡែកលោក ហូ សិទ្ធីគុណ អនុប្រធានសហព័ន្ធកីឡាប្រណាំងយានយន្តកម្ពុជា មានប្រសាសន៍ក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទី២៥ខែវិច្ឆិកាថា ការប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គកម្រិតអន្តរជាតិ ដែលប្រសិទ្ធនាមថា «Khmer Rally Raid 2017 » ជាលើកដំបូង ព្រោះចង់បង្ហាញឲ្យដឹងពីសមត្ថភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីប្រណាំងយានយន្តកម្ពុជាផង និង បង្ហាញពីតំបន់អេកូទេសចរណ៍នៅក្នុងខេត្ត មណ្ឌលគិរីផង។

តំបន់នោះមានទេសភាពធម្មជាតិស្រស់ត្រកាលនាភូមិភាគឦសាន និងផ្សព្វផ្សាយ តំបន់អេកូទេសចរណ៍ដល់ភ្ញៀវទេសចរបរទេស ឲ្យមកទស្សនាកម្សាន្តបានកាន់តែច្រើន ដើម្បីចូលរួមជំរុញកំណើនទេសចរ ស្របតាមយុទ្ធសាស្រ្ត របស់ក្រសួងទេសចរណ៍ និងរាជរដ្ឋាភិបាលកម្ពុជា ដោយចាត់ទុកវិស័យទេសចរណ៍គឺជាមាសបៃតង ៕ សារីម


ចែករំលែក៖