ការប្រើប្រាស់ឧបករណ៍បំពងសំឡេងជាវិធីសាស្ត្រឃោសនា ដ៏មានប្រសិទ្ធភាព របស់កូរ៉េខាងត្បូង ដល់ពលរដ្ឋកូរ៉េខាងជើងនៅតាមបណ្តោយព្រំដែន ហើយសកម្មភាពខាងលើត្រូវបានភាគីកូរ៉េខាងជើងព្រមានគ្រប់ពេលដែលបានដាក់។
នៅពេលនេះ ការដាក់ប្រព័ន្ធឃោសនា គឺចង់ប្រាប់ដល់ពលរដ្ឋកូរ៉េខាងជើងឲ្យបានដឹងថា ទាហានដែលរត់ចោលជួរពេលនេះមានសុវត្ថិភាពល្អប្រសើរ ដោយបានការ ជួយសង្គ្រោះពីទាហានកូរ៉េខាងត្បូង។
ក្រុមអ្នកឯកទេសបានលើកឡើងថា សកម្មភាពរបស់កូរ៉េខាងត្បូង មិនខុស អ្វីពីការ អំពាវនាវដល់ពលរដ្ឋកូរ៉េខាងជើង ក៏ដូចជាទាហាន បន្តភៀសខ្លួនមកកាន់កូរ៉េ ខាងត្បូង នឹងទទួលបានសិទ្ធិរស់នៅពេញលេញទទួលបានប្រាក់ឧបត្ថម្ភជាច្រើនទៀត ហើយបើមានព័ត៌មានសំខាន់ គឺអាចទទួល បានប្រាក់រហូតដល់ជិត ១លានដុល្លារ។
គេហទំព័រ Mirror Online ចេញផ្សាយ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានឲ្យ ដឹងថា កូរ៉េខាងត្បូង កំពុងតែផ្សាយប្រកាស អំពីព័ត៌មានស្តីពីស្ថានភាពរបួសរបស់ ទាហានកូរ៉េខាងជើងមួយរូប ដែលបានរត់ គេចខ្លូន ឆ្លងព្រំដែន កាលពីដើមខែនេះ និងត្រូវទាហានគ្នាឯង បាញ់ឲ្យរងរបួស ជាច្រើនកន្លែង។
គួរបញ្ជាក់ថា សារដែលបញ្ជូន តាម រយៈប្រព័ន្ធ “សំឡេងសេរីភាព” នៃវិទ្យុ FM ដំឡើងនៅជិតព្រំដែននោះ ក៏បាន ធ្វើការសង្កត់ធ្ងន់ផងដែរ អំពីការរំលោភ បំពាន លើកិច្ចព្រមព្រៀងបទឈប់បាញ់គ្នា ដោយទាហានកូរ៉េខាងជើងទាំងនោះ ប្រើ ប្រាស់អាវុធតាម ដេញបាញ់ ទាហានរត់ ចោលជួររូបនោះ៕ ម៉ែវ សាធី