ភ្នំពេញ៖ ដើម្បីសម្រេចបានជោគជ័យ ក្នុងនាមម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួត កីឡាប៉េតង់ជ្រើសសរើសជើងឯក ប្រចាំ ពិភពលោក ដែលកម្ពុជាទទួលសិទ្ធិធ្វើម្ចាស់ផ្ទះ នោះ អត្តពលិកកីឡាប៉េតង់ទាំងអស់ត្រូវ បន្តហ្វឹកហាត់បំប៉នសមត្ថភាព បច្ចេកទេស ទាំងឈុតធំ និង ថ្នាលឲ្យបានខ្លាំងក្លាបន្តទៀត ។ នេះជាប្រសាសន៍ របស់លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡាដែលបានថ្លែងក្នុងពិធីបិទការប្រកួតជ្រើស រើសជើងឯកកីឡាប៉េតង់ថ្នាក់ជាតិ កាលពីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ។
លោកអនុរដ្ឋលេខាធិការមានប្រសាសន៍ថា ចាប់តាំងពីការកើតកីឡាប៉េត់ងនិង ប៊ូល នៅក្នុងប្រទេសកម្ពុជាមកអត្តពលិករបស់យើងទទួលបានមេដាយមាស ប្រាក់ និងសំរឹទ្ធិ យ៉ាងច្រើនសន្ធឹកសន្ធាប់ពីលើឆាកអន្តរជាតិ ប៉ុន្តែការវិវត្ត ថ្មីក្នុងវិស័យកីឡានៅលើពិភពលោក ក៏មិននៅទ្រឹងមួយកន្លែងដែរ។ ដូច្នេះទាមទារឲ្យអត្តពលិករបស់យើង ខំប្រឹងបន្ថែមទៀត ទាំងកីឡាករកីឡាការិនីឈុតធំ និងកីឡាករកីឡាការិនីថ្នាល ។
លោកបានបន្តថា យើងនៅសល់តែ៦ឆ្នាំប៉ុណ្ណោះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតថ្នាក់តំបន់ដ៏ធំនេះនឹងមកដល់ហើយ ។ដូច្នេះយើងត្រូវពង្រឹងសមត្ថភាព កីឡាករកីឡាការិនី ចៅក្រម អាជ្ញាកណ្តាល ព្រោះការងារជាច្រើននៅចំពោះមុខ ដូចជាការប្រកួតជើងឯកពិភពលោក ឆ្នាំ២០១៩ ដែលសហព័ន្ធកីឡាប៉េតង់កម្ពុជា មានតួនាទីភារកិច្ចដ៏សំខាន់ក្នុងការរៀបចំ ដឹកនាំការប្រកួតជ្រើសរើសជើងឯកពិភពលោក ក្នុងនាមកម្ពុជាធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍នេះ ។
សូមជម្រាបថា សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ អត្តពលិករបស់ទីស្តីការ គណៈរដ្ឋមន្ដ្រី ដណ្តើមមេដាយ៦គ្រឿង ក្នុងនោះមានមេដាយមាស ២គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធិ៣គ្រឿង ឈរលំដាប់លេខ១ ប្រចាំឆ្នាំ រីឯក្រសួងកាពារជាតិ ឈរតំណែងលេខ២ ដណ្តើមមេដាយបាន៣គ្រឿង គឺមេដាយមាស២គ្រឿង និងមេដាយប្រាក់១គ្រឿង។ ចំណែកឯក្រសួងមហាផ្ទៃដណ្តើម បានមេដាយមាស២គ្រឿង។ ក្លិបឆ្នោតស្ថាបនាដណ្តើមបានមេដាយប្រាក់ ២គ្រឿង និងក្លិបសេនារាជសីហ៍ ដណ្តើមបានមេដាយប្រាក់ ១គ្រឿង និងមេដាយសំរឹទ្ធិ ១គ្រឿង និងក្លិបអគ្គភស្តុភារដណ្តើមបានមេដាយប្រាក់ ១គ្រឿង និងមេដាយសំរឹទ្ធិ១គ្រឿង និង ក្លិបយោធាភូមិភាគពិសេស ដណ្តើមមេដាយប្រាក់ ១គ្រឿង ៕ សារីម