ភ្នំពេញ ៖ រថយន្តស៊េរីទំនើប១គ្រឿងម៉ាក អូឌី Q5 បានបើកបត់ឆ្លងផ្លូវមិនប្រយ័ត្ន ក៏ត្រូវនារីម្នាក់ជិះម៉ូតូហុងដាឌ្រីម១គ្រឿង មកបុកពីចំហៀង បណ្ដាលឲ្យខូចខាតទាំងសងខាង កាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយមហាវិថី ម៉ៅសេទុង កែងនិងផ្លូវលេខ១៤៣ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួសធ្ងន់ធ្ងរ ។
ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញនារីម្នាក់ដែលជានិស្សិត បានជិះម៉ូតូមួយគ្រឿងម៉ាក ហង់ដាឌ្រីម ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1N-4323 ធ្វើដំណើតែម្នាក់ឯង តាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក អូឌី Q5 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-6616 ដែលធ្វើដំណើដោយប្រុសស្រី២នាក់ជាមួយគ្នា តាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីលិចមកកើត ហើយបត់ចូលទៅផ្លូវលេខ១៤៣ លឿនស្លូវតែម្ដង រួមទាំងរំលោភចូលទៅផ្លូវខាងស្ដាំច្រើនទៀត ក៏ធ្វើឲ្យនារីជានិស្សិតរូបនោះ អកហ្សឺចាប់ហ្វ្រាំងមិនទាន់ ក៏បុកពីចំហៀងទាំងកំរោលតែម្ដង បណ្ដាលឲ្យរថយន្តខូចខាតទ្វាមួយគូផ្នែកខាងស្ដាំតិចតួច ។ ចំណែកឯម៉ូតូបានដួល ហើយបាក់កាបាំងមួយចំហៀង ខូចខាតតិចតួច តែមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។
ក្រោយកើតហេតុភ្លាមៗ ភាគីទាំងពីរបានជជែកវែកញែកយ៉ាងតឹងសរសៃក រកត្រូវរៀងៗខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ ហើយបានពន្យល់ណែនាំឲ្យភាគីទាំង២ចរចាគ្នានៅនឹងកន្លែងមួយជំហាន ។
ចុងក្រោយភាគីខាងរថយន្តយល់ហេតុផងដឹកខ្លួនឯងបត់រថយន្តខុស ក៏លែងទាមទារសំណងពីនារីរងគ្រោះ ហើយសុំស្មើគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្ដង ដោយមិនចង់រំខានដល់សមត្ថកិច្ចមូលដ្ឋានវាស់វែងឡើយ ៕ ភារ៉ា ដង្កោ