ភ្នំពេញ៖ យុវជនម្នាក់ត្រូវបាននគរបាលដេញចាប់ខ្លួនដោយសង្ស័យថា ជាជាមុខសញ្ញាជួញដូរគ្រឿងញៀន ខណៈជួបកម្លាំងនគរបាលកំពុងល្បាត ស្រាប់តែដោះអាវបោះចោលរួចព្យាយាមរត់គេចខ្លួន។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៨និង២៥នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវនគរបាលចាប់ខ្លួនបាននោះឈ្មោះ ជា តុលា អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិបឹង ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង និងស្នាក់នៅផ្ទះជួលនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
នគរបាលដដែលបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើត ហេតុកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងបានចេញល្បាតពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួន។ លុះពេលទៅដល់ត្រង់ចំណុចខាងលើបានប្រទះឃើញយុវជនខាងលើនោះកំពុងជិះម៉ូតូ ហើយដោយមានការសង្ស័យកម្លាំង ក៏បានឃាត់ដើម្បីសួរនាំ ស្រាប់តែយុវជននេះដោះអាវបោះចោល និងរត់គេចខ្លួន ប៉ុន្ដែត្រូវបានកម្លាំងតាមចាប់បានភ្លាមៗរួចបាននាំទៅសាកសួរនៅប៉ុស្ដិ៍។
ប្រភពដដែលបានបន្តថា ប្រជាពលរដ្ឋបានលួចខ្សឹបប្រាប់ថា មានក្រុមជួញដូរគ្រឿងញៀន តែងតែបានណាត់គ្នាធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅចំណុចខាងលើនោះរាល់ថ្ងៃ។ បន្ទាប់មកកម្លាំងបានទៅល្បាត និងឃ្លាំមើលសកម្មភាពផ្សេងៗរបស់ក្រុមនោះរាល់ថ្ងៃ លុះពេលទៅដល់បានជួបយុវជនសង្ស័យកំពុងជិះម៉ូតូចេញពីចំណុចនោះហើយ ដោយមានការសង្ស័យ ទើបឃាត់ខ្លួនតែម្ដង និងរកឃើញថ្នាំញៀនខាងលើជាភស្តុង ហើយកម្លាំងកំពុងតាមស្រាវជ្រាវចាប់ខ្លួនបក្សពួកមួយចំនួនទៀត។
នគរបានបានឲ្យដឹងថាក្រោយពេលចាប់ខ្លួនជននោះកម្លាំងបានដកហូតបានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1I-3180 រួមជាមួយថ្នាំញៀន១កញ្ចប់តូច និងមានការសង្ស័យថា យុវជននោះបានបោះចោលថ្នាំញៀនច្រើនទៀតនៅក្នុងអាវរបស់គេ៕ សុខាសែនជ័យ