ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរស៥នាក់ជាបន្តបន្ទាប់ក្រោយពិនិត្យទឹកនោមមានផ្ទុកនូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ បុរស៥នាក់ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពិនិត្យទឹកនោមមានផ្ទុកនូវសារធាតុញៀន កាលពីម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទី១ឈ្មោះ អ៊ុត រី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិមិត្តភាព សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ, ទី២ ឈ្មោះ អ៊ុត រ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិមិត្តភាព សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ, ទី៣ឈ្មោះ រី រ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិមិត្តភាព សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដកហូតម៉ូតូមួយគ្រឿងម៉ាក ហុងដា MSX ពណ៌ក្រហម ស៊េរី២០១៥ អត់មានស្លាកលេខ, ទី៤ឈ្មោះ សាត់ បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទី៥ឈ្មោះ ផល ឈុនលី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ទាំង២នាក់ដើរថ្មើរជើង)។

សមត្ថកិច្ចឲ្យដឹងថា កម្លាំងប៉ុស្តិ៍ល្បាតក្នុងមូលដ្ឋានបានឃើញក្រុមសង្ស័យ៣នាក់ ជិះម៉ូតូឌុបគ្នាអត់មានស្លាកលេខ និង២នាក់ទៀតដើរតាមផ្លូវដោយសង្ស័យ ក៏ឃាត់យកមកកាត់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរ និងបានធ្វើតេស្តទឹកនោម ដើម្បីរកសារធាតុញៀន ក្រោយពិនិត្យទៅលើទឹកនោមឃើញថា ជនសង្ស័យទាំង៥នាក់នេះមានផ្ទុកនូវសារធាតុញៀនក្នុងទឹកនោមទាំងអស់សមត្ថកិច្ចក៏ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ តុង សីហា


ចែករំលែក៖