ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ត្រូវប្រុសស្នេហ៍នាំយកមកសម្លាប់ក្នុងផ្ទះសំណាក់យីហោពន្លឺពេជ្រ

ចែករំលែក៖

ភ្នំពេញ ៖ ករណីឃាតកម្មមួយបានកើតឡើង បន្ទាប់ពីនារីម្នាក់ ត្រូវបានប្រុសស្នេហ៍នាំមកឡើងឋានសួគ៍ រួចហើយឋក៏សម្លាប់នាងចោលនៅក្នុងផ្ទះសំណាក់យីហោ ពន្លឺពេជ្រ លុះទៀបភ្លឺជនដៃដល់បានរត់គេចខ្លួនបាត់ ដោយទុកសាកសពនៅក្នុងបន្ទប់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងព្រឹក ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបន្ទប់លេខ៦៦ជាន់ទី២ ក្នុងផ្ទះសំណាក់យីយោ ពន្លឺពេជ្រ មានទីតាំងផ្ទះលេខ៤៣B៣ ផ្លូវលេខ៨៦ ភូមិទី៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា នារីរងគ្រោះ មិនទាន់ស្គាល់ អត្តសញ្ញាណ ភេទស្រី អាយុប្រហែល២៥ឆ្នាំ ជនជាតិខ្មែរ ដេកស្លាប់លើគ្រែពូក។ ចំណែកជនសង្ស័យ មិនស្គាល់ អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ ជនជាតិខ្មែរ (គេចខ្លួន)។

តាមការបំភ្លឺម្ចាស់ផ្ទះសំណាក់ឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២១និង៤២នាទី ជនសង្ស័យ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿង ម៉ាកវេវ ពណ៌ស មិនចាំស្លាកលេខ បានដឹកនារីរងគ្រោះមកដេកផ្ទះសំណាក់យីហោ ពន្លឺពេជ្យ ខាងលើ ហើយលុះដល់វេលាម៉ោង៣ម៉ោង៤០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យបានចុះមកក្រោមតែម្នាក់ឯង ជិះម៉ូតូចេញទៅបាត់ ដោយមានការសង្ស័យ អ្នកមើលការខុសត្រូវផ្ទះសំណាក់បាន ឡើងទៅមើលក្នុងបន្ទប់ ក៏ឃើញស្ត្រីរងគ្រោះដេកស្លាប់ ហើយទើបរាយការណ៍ឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបានបង្កើតគណៈកម្មការត្រួតពិនិត្យលើសាកសពនារីរងគ្រោះ ដោយសន្ឋិដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ ដោយសារករណីឃាតកម្មពិតប្រាកដមែន ៕ ស តារា


ចែករំលែក៖