ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡេនឌឺបុកម៉ូតូពីក្រោយស្លាប់ម្នាក់ភ្លាមមួយរំពេច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ លោកតាម្នាក់ដែលកំពុងធ្វើដំណើរតែម្នាក់ឯង បានបាត់ភ្លាមៗមួយរំពេច បន្ទសប់ពីជួបនូវហេតុការណ៍រថយន្តបើកបុកពៅក្រោយ។

សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យ ក្រោយធ្វើកំណត់ហេតុវាស់វែងរួចរាល់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេកាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ គីឡូម៉ែត្រ៣៥-៣៦ ចំណុចភូមិត្រពាំងរកា ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត១គ្រឿង ម៉ាកហាយឡែនឌឺ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE.2046 អ្នកបើកបរមិនស្គាល់ឈ្មោះ បើកបរមកពីកើតទៅលិច មកដល់ចំណុចខាងលើ បានបុកម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1Q.5603 អ្នកបើកបរឈ្មោះ វ៉ាង វេន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលកំពុងបើកបរស្របទិសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុ។

ប្រភពបន្តថា ក្រោយបង្កតៃកុងរថយន្តបាន ចុះរត់បាត់ សមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុរួចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ថា ជនរងគ្រោះដែលជាអ្នកបើកម៉ូតូមិនពាក់មួកសុវត្ថិភាពនោះទេ ចំណែម៉ូតូខូចខាតធ្ងន់ រថយន្តខូចស្រាល ចំពោះវត្ថុតាងទាំងពីរគ្រឿង សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រង់ចាំស្រាវជ្រាវរកម្ចាស់រថយន្តឲ្យចូលខ្លួនមកដោះស្រាយជាមួយភាគីគ្រួសាររងគ្រោះដោយសន្តិវិធី៕ សេនាស័ក្តិ


ចែករំលែក៖