ខេត្តកំពត៖ មានករណីហិង្សាដោយចេតនាមួយ ដែលបង្កដោយបុរសមានសតិមិន គ្រប់ម្នាក់បានយកដំបងឫស្សីវាយមកលើស្ត្រីម្នាក់បណ្ដាលឲ្យរងរបួសដេរ៥ថ្នេរ។ ហេតុការណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ ត្រាច ខេត្តកំពត ។
ស្ត្រីរងគ្រោះ ត្រូវបានគេស្គាល់ថា ឈ្មោះ ស៊ុន មុំ អាយុ៣៦ឆ្នាំ រស់នៅភូមិ កើតហេតុខាងលើរងរបួសនៅលើថ្ងាសដេរ៥ថ្នេរ ។ ចំពោះជនបង្កឈ្មោះ កប ប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ដែរ ហើយជនបង្ករូបនេះកន្លងមកជា មនុស្សមានសតិមិនគ្រប់ ។
ប្រភពបានឲ្យដឹងថា រឿងហេតុបានកើតឡើងនៅពេលដែលជនសង្ស័យកំពុងដើរតាមផ្លូវក្នុងភូមិធម្មតាហើយពេល ឃើញស្ត្រីរងគ្រោះ ក៏ស្ទុះទៅចាបនាងថើប តែនាងមិនព្រមឲ្យថើបតាមចំណង់របស់ បុរសខាងលើទេដោយបានច្រានជន សង្ស័យចេញធើ្វឲ្យជនសង្ស័យខឹងហើយនៅដៃកាន់ដំបងឫស្សីស្រាប់ផងក៏វាយស្ត្រីរងគ្រោះត្រូវក្បាលរងរបួស រហូតដល់ដេរ៥ ថ្នេរ។
ក្រោយពីជនបង្កធ្វើសកម្មភាពរួចក៏ បានដើរអុកឡុកអ្នកនៅក្នុងភូមិធ្វើឲ្យប្រជាពលរដ្ឋមានការភយ័ខ្លាចជាខ្លាំង ។
ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា ជនបង្ករូបនេះសព្វថ្ងៃជាមនុស្សមានសតិមិនគ្រប់ ហើយជាមនុស្សមានចរិតឃោរឃៅបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងភូមិ។ ជនបង្កខាងលើនេះជាមនុស្សគ្មានផ្ទះគ្មានប្រពន្ធកូនមានតែបងប្អូនប៉ុណ្ណោះ តែបងប្អូនទាំងនោះពួកគាត់មិនហ៊ានឲ្យជនបង្ករស់នៅជាមួយឡើយ ។ កន្លងមកបុគ្គលរូបនេះធ្លាប់ជាប់ពន្ធនាគារនៅខេត្តកំពត រយៈពេលជាង១ឆ្នាំ ដោយកាលនោះបានប្រព្រឹត្តហិង្សាដោយចេតនា និងគំរាមសម្លាប់គេកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ ។
ពាក់ពន្ធ័រឿងហេតុខាងលើនេះសមត្ថកិច្ចបានឃាត់ជនសង្ស័យបង្ករបួសស្នាមនេះហើយក៏ប៉ុន្តែដោយសារជនសង្ស័យខាងលើនេះមានសតិមិនគ្រប់ហើយមានចរិតឃោរឃៅនោះសមត្ថកិច្ចមិនអាចយកចម្លើយបានទេ ។ តែទោះជាយ៉ាងណាក៏សមត្ថកិច្ចជំនាញកំពុងតែបំពេញឯកសារ បញ្ជូនទៅស្នងការដ្ឋានខេត្តកំពតដើម្បីបន្តនីតិវិធី ៕ សហការី