ខេត្តព្រះសីហនុ៖ ក្រុមប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុកាលពីពេលថ្មីៗកន្លងទៅ បានរិះគន់ជាចំហចំពោះអង្គភាពអគ្គិសនីខេត្តព្រះសីហនុដែលបានសម្រេចផ្លាស់ប្ដូរ និងត្រៀមវាយកម្ទេចកាប៊ីនភ្លើងរបស់រដ្ឋមួយកន្លែងដើម្បីទុកដីឲ្យក្រុមហ៊ុនឯកជនគឺបុរី គឹង សុខា ធ្វើសួនច្បារ ។
ក្រុមប្រជាពលរដ្ឋបានលើកឡើងដូចៗគ្នាដោយដាក់ការសង្ស័យថា វាហាក់បីដូចជា រឿងដដែលៗពេក សម្រាប់ខេត្តព្រះសីហនុ ខណៈដែលរយៈពេលចុងក្រោយនេះកាប៊ីនភ្លើងមួយចំនួនត្រូវបានគេផ្លាស់ប្តូរ និងគ្រោងផ្លាស់ប្ដូរជាបន្តបន្ទាប់។ សម្រាប់ពេលនេះ កាប៊ីនភ្លើងធំមួយមានទីតាំងតាមបណ្តោយ ផ្លូវសេតេ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ចំមុខបុរី គឹងសុខា ត្រូវបាន គេគ្រោងកម្ទេចចោលទៅសាងសង់កន្លែងថ្មីដោយទុកទីតាំងនេះធ្វើជាសួនច្បាររបស់បុរីវិញ ។
ទាក់ទងបញ្ហានេះលោក ឆឹង សុខា តំណាងឲ្យក្រុមហ៊ុន គឹង សុខា បានឲ្យដឹង ថា ចំពោះការផ្លាស់ប្តូរកាប៊ីនភ្លើងនៅមុខបុរី នេះមិនពាក់ព័ន្ធជាមួយក្រុមហ៊ុនលោកទេ អ្វីៗសម្រេចលើអង្គភាពអគ្គិសនីដែលជាស្ថាប័នជំនាញ។ លោកបានឲ្យអ្នកសារព័ត៌ សួរទៅប្រធានអង្គភាពអគ្គិសនីវិញ ។
ដូចគ្នានេះដែរលោក ហេង វិសិដ្ឋ ប្រធាន អង្គភាពអគ្គិសនីខេត្តព្រះសីហនុបានប្រាប់អ្នកកាសែតឲ្យសួរទៅអ្នកឆ្ងល់នោះវិញ ហើយលោកក៏បានបិទទូរស័ព្ទផ្ដាច់ទំនាក់ទំនងតែម្ដង។ ចំណែកលោក ថៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុបានបញ្ជាក់ថា ការប្តូរកាប៊ីនភ្លើងនេះខាងអគ្គិសនីខេត្តព្រះសីហនុបានធ្វើលិខិតស្នើសុំទៅអាជ្ញាធរ ជាតិអគ្គិសនីរួចរាល់ហើយ ។
គួរបញ្ជាក់ថា កាប៊ីនភ្លើងខាងលើនេះ កាលពីជំនាន់លោក ឈឹម សឿន ជាប្រធាន អង្គភាពអគ្គិសនីខេត្តព្រះសីហនុក៏ធ្លាប់រត់ការសុំផ្លាស់ប្តូរទីតាំងម្តងរួចមកហើយ។ ប៉ុន្តែទំនងជាចរចាមិនត្រូវគ្នាក៏ស្ងាត់ទៅ វិញរហូតមកដល់ពេលនេះដែលការផ្លាស់ ប្ដូរត្រូវបានសម្រច ៕ ហេង សូរិយា