ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​កំពូល​សវនាការ​រឿង​ក្តី​ប៉ង​បាញ់​សម្លាប់​ឧកញ៉ា​ថុង​ អ៊ុយប៉ាង​ ,​ សាច់​ញាតិ​ជនជាប់ចោទ​ សុំ​ឲ្យ​សម្តេច​តេជោ​ ជួយ​រក​យុត្តិធម៌​

ចែករំលែក៖

ភ្នំពេញ​៖​ តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា​ ជំនុំជម្រះ​រឿង​ក្តី​លោក​ហេង​ ពៅ​ អតីត​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ​ និង​ កូន​ចៅ​ ពាក់ព័ន្ធ​បទល្មើស​ប៉ុនប៉ង​បាញ់​សម្លាប់​ឧកញ៉ា​ថុង​ អ៊ុយប៉ាង​ ចាងហ្វាង​កាសែត​កោះ​សន្តិភាព​ កាលពី​ឆ្នាំ​១៩៩៨។ សវនាការនេះ​មាន​ការ​យាមកាម​យ៉ាង​តឹងរ៉ឹង​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ។

ចន្លោះ​ពេល​នេះ​ សាច់ញាតិ​ជនជាប់ចោទ​ សុំ​ឲ្យ​សម្តេច​តេជោ​ជួយ​រក​យុត្តិធម៌​ផង​ ដោយសារ​រូប​គេ​ពុំ​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​នោះទេ​ ។​ គ្រួសារ​ជនជាប់ចោទ​រូប​នេះ​ អះអាង​ថា​ រឿងក្តីមួយនេះ​មាន​តែ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ មួយ​រូប​គត់​ដែល​អាច​ស្វែងរក​ពន្លឺ​យុត្តិធម៌​បាន​។

ជនជាប់ចោទ​ក្នុង​រឿង​ក្ដី​នេះ​មាន​បី​នាក់​ គឺ​ លោក​ ហេង​ ពៅ​ អតីត​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ​ លោក​ លី​ រ៉ាស៊ី​ អតីត​អនុប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​ លោក​ ផេង​ ផៃ​ អតីត​ប្រធាន​ការិយាល័យ​ជនបរទេស​នៃ​ស្នងការ​ក្រុង​ភ្នំពេញ​​ ។

សាច់ញាតិ​ជនជាប់ចោទ​ឈ្មោះ​ លី​ រ៉ាស៊ី​ អះអាង​ថា​ លី​ រ៉ាស៊ី​ ពុំ​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទប្រកាន់​នោះទេ​ អ្វីៗ​ទាំងអស់​សុទ្ធ​តែ​ជា​ការ​ទម្លាក់​កំហុស​ ។​ ពួកគេ​សង្ឃឹម​ថា​ តុលាការ​កំពូល​ ជា​ពិសេស​សម្តេច​តេជោ​ហ៊ុន​ សែន​ ជួយ​​ស្វែងរក​យុត្តិធម៌​ជួយ​លី​ រ៉ាស៊ី​ បាន​ ។​

​សវនាការនេះ​ ដឹកនាំ​ដោយ​លោក​ស្រី​ គិម​ សត្ថាវី​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ និង​ លោក​ ឌុច​ គឹមសន​ ជា​តំណាង​មហា​អយ្យការ​ ។

រឿង​ក្ដី​នេះ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​ សាលាឧទ្ធរណ៍​ ផ្តន្ទា​ទោស​ក្រុម​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​ចន្លោះ​ពី​១៦ឆ្នាំ​ទៅ​១៨ឆ្នាំ​និង​សង​សំណង​ជំងឺ​ចិត្ត​ដល់​ដើម​បណ្ដឹង​រាប់​ម៉ឺន​ដុល្លារ​អាមេរិក​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​”ប៉ុនប៉ង​សមគំនិត​ឃាតកម្ម​គិត​ទុក​ជា​មុន​”​ប្រព្រឹត្ត​នៅ​ចំណុច​វត្ត​ទឹក​ថ្លា​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​ឫស្សីកែវ​ កាលពី​ថ្ងៃទី​០៨​ ខែ​មិថុនា​ ឆ្នាំ​១៩៩៨។

តាម​អង្គ​ហេតុ គឺ​ កាល​ពី​ព្រឹ​កថ្ងៃ​ទី​០៨​ ខែ​មិថុនា ឆ្នាំ​១៩៩៨ មាន​ជន​ប្រដាប់​អាវុធពីរ​នាក់ បាញ់​ប្រហារ​លើ​ឧកញ៉ា​ថុង អ៊ុយប៉ាង ក្នុង​កម្មវិធី​បុណ្យ​នៅ​វត្ត ទឹក​ថ្លា ត្រូវ​ចំពីរ​គ្រាប់​របួស​ តែ​អង្គរក្ស​លោក​បាន​បាញ់​ត​ត្រូវ​ជន​ល្មើសមួយ​គ្រាប់​របួស​ដៃ​ឆ្វេង​។​ ក្រោយ​មក​ ពុំ​ទាន់​មាន​ការ​ចាប់​ខ្លួន​ជនល្មើស​ទេ។

សាច់ញាតិ​ជនជាប់ចោទ​ លី​ រ៉ាស៊ី​ បន្ត​ថា​ រហូត​លោក​ហេង​ ពៅ​ មាន​ទំនាស់​ជាមួយ​ថ្នាក់​លើ​ ទើប​គេ​ទម្លាក់​កំហុស​មក​លើ​ លី​ រ៉ាស៊ី​ និង​ចាប់​ខ្លួន​ តែ​ម្តង​ ។

ចំណែក​ រឿង​មួយ​ទៀត​ គឺ​ ការ​អនុវត្ត​គោលនយោបាយ​កណ្តាប់​ដៃ​ដែក​របស់​សម្តេច​ ក៏​មាន​អ្នក​ចោទ​ប្រកាន់​ទម្លាក់​កំហុស​ ថា​ លី​ រ៉ាស៊ី​ បង្ខាំង​មនុស្ស​ខុស​ច្បាប់​ផងដែរ​ តែ​តាម​ពិត​ លី​ រ៉ាស៊ី​ ពុំ​បាន​ប្រព្រឹត្ត​ឡើយ​។

ជាការ​កត់សម្គាល់ គ្រប់​ដំណាក់កាល​ទាំងអស់ លោក ហេង ពៅ និង​ កូនចៅ​ តែងតែ​បដិសេធថា ពុំបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​នោះទេ៕​ ចេស្តា​


ចែករំលែក៖