ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងជំនាញមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត និងស្រុកបាកាន ដឹកនាំដោយលោក វរសេនីយ៍ទោ ញឹម នី មេបញ្ជាការរងនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ចុះបង្រ្កាប និងឆែកឆេលំនៅដ្ឋានមួយកន្លែង ជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងវត្ថុតាងបទល្មើសផ្សេងៗ និងសម្ភារផងដែរ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ទោ ញឹម នី មេបញ្ជាការរងនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យត្រូវកម្លាំងឃាត់ខ្លួនឈ្មោះ ឃែល ថុល ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
កិច្ចប្រតិបត្តិការខាងលើកម្លាំងបានធ្វើការដកហូតនូវវត្ថុតាងរួមមាន.ម្សៅក្រាម ពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៣កញ្ចប់(ធំ ០១កញ្ចប់) ជញ្ជីងថ្លឹងសារធាតុញៀនចំនួន ០១ ដែកកេះចំនួន ០១ កន្រ្តៃចំនួន ០១ កាំភ្លើងស្នប់ចំនួន ០១ដើម ទូរស័ព្ទដៃម៉ាក ហូវ័យពណ៏ទឹកប្រាក់ចំនួន ០១គ្រឿង កាបូបពណ៏ខ្មៅចំនួន ០១ និងប្រាក់ចំនួន ១០មឺុនរៀលផងដែរ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង និងសម្ភារ បាននាំយកមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធីមុននឹងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ ៕ បឹុម ពិន