ព័ត៌មានទាន់ហេតុការណ៍៖

អកុសលណាស់!ឃើញមេគោខ្សែភ្លើងឆក់ប្រកាច់ស្ទុះទៅជួយ ស្លាប់ទាំងម្ចាស់ ងាប់ទាំងគោ

ចែករំលែក៖

ខេត្តព្រៃវែង៖ ពិតជាអកុសលណាស់ ដែលបុរសម្នាក់បានបាត់បង់ជីវិតជាមួយមេគោមួយក្បាល គ្រាដែលឃើញមេគោត្រូវខ្សែភ្លើងឆក់ប្រកាច់ធ្លាក់ក្នុងទឹកហើយត្រូវបុរសនោះមិនបានគិត ស្ទុះចុះទៅជួយក៏ត្រូវខ្សែភ្លើងឆក់ប្រកាច់ស្លាប់ដែរ ។

ហេតុការណ៍អាក្រក់ ស្លាប់ទាំងមនុស្ស ងាប់គោខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិអូរ ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្តដឹងថា ម្ចាស់គោ ដែលបាត់បង់ជីវិតឈ្មោះ ភឿន ភាត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់ភូមិត្រពាំងកំពិស ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង មុខរបកសិករ ។ រីឯមេគោដែលខ្សែភ្លើងឆក់ស្លាប់នេះជាមេគោផើមផងដែរ ។

បើតាមប្រភពអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញគោញីមួយក្បាល(ផើម)មានសម្បុរក្រហម កំពុងស៊ីស្មៅនៅកន្លែងគេព័ន្ធរាយខ្សែភ្លើង ស្រាប់តែបន្តិចក្រោយមកខ្សែភ្លើងនោះក៏ឆក់សត្វមេគោប្រកាច់បះជើងឡើងលើនិងធ្លាក់ចូលទឹក។ពេលឃើញដូច្នេះ ម្ចាស់គោដែលកំពុងឃ្វាលឃើញដូច្នោះ ក៏រត់ទៅជួយយកដៃទៅកាន់កន្ទុយខ្សែទាញចេញ ក៏ត្រូវបានខ្សែភ្លើងឆក់ធ្លាក់ទឹកផ្តាច់ជីវិតទាំងម្ចាស់ និងគោនៅនឹងកន្លែងតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមកដល់ពិនិត្យ ឃើញថា ខ្សែភ្លើងមួយកន្លែងនេះត្រូវគេរាយខ្វះបច្ចេកទេស បណ្ដាលឲ្យ ឆក់គោងាប់ ហើយជនរងគ្រោះទៅជួយ ក៏ត្រូវខ្សែភ្លើងឆ្លងពីគោមកមនុស្ស បណ្តាលឲ្យឆក់ស្លាប់ដែរ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែសាវជ្រាវរកម្ចាស់ដាក់ខ្សែ ដើម្បីធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់។ ចំណែកសាកសពត្រូវបាន សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕ សហការី


ចែករំលែក៖