ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូបើកលឿនទៅបុកគោយន្តដឹកឈើពីក្រោយស្លាប់ភ្លាមនៅនឹងកន្លែង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីជនរងគ្រោះបានបើកម៉ូតូក្នុងល្បឿនលឿនទៅបុកគោយន្តដឹកឈើពីក្រោយ ពេញមួយទំហឹងជាប់ម៉ូតូនឹងគោយន្ត ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៥នាទីព្រលប់ ថ្ងៃទី២៨ ខែវិច្ចិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨១ និង៨២ ដែលស្ថិតក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ម៉ែន ស៊ីណាត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិត្រោកកើត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដាសេ១២៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១B-៤៤៩៩ ក្នុងទិសដៅពីជើទៅត្បូង ដែលបើកក្នុងល្បឿនយ៉ាងលឿន នៅពេលមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅគោយន្តកន្រ្តៃដឹកឈើមួយគ្រឿងពេញមួយទំហឹង ដែលកំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យម៉ូតូគៀបជាប់នឹងគោយន្ត ។ ចំណែកឯកជនរងគ្រោះបានប៉ើងខ្ទាតចេញពីម៉ូតូបោកនឹងគោយន្ត បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ ចំណែកឯមធ្យោបាយបង្ក ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕ ចន្ថា

 

 


ចែករំលែក៖