ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសនេសាទកើតមានស្អេកស្កះ ស្រុកក្រគរ និងស្រុកកណ្តៀង ក្រោមការសម្របសម្រួលពីលោកស្វាយសំអាត

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ឧបករណ៍នេសាទខុសច្បាប់ មានដូចជា បរ ច្រើនស្អេកស្កះ រាប់ពាន់ខ្សែនៅបឹងទន្លេសាប ក្នុងស្រុកក្រគរ និងស្រុកកណ្តៀង ដែលជាប្រភពសេដ្ឋកិច្ចដ៏ធំសម្បើមរបស់មន្ត្រីជលផលប្រចាំនោះគឺលោកស្វាយ សំអាត ។
ប្រភពព័ត៌មានបានឲ្យដឹងថា លោកស្វាយ សំអាត នាយផ្នែកស្តីទីនៃរដ្ឋបាលជលផលក្រគរ កំពុងគ្រប់គ្រងបទល្មើសនេសាទដ៏គគ្រឹកគគ្រេង នៅក្នុងស្រុកក្រគរ និងស្រុកកណ្តៀង ។ គ្រប់បទល្មើសទាំងអស់ សុទ្ធតែត្រូវបង់ប្រាក់ឲ្យ លោក ស្វាយ សំអាត ដោយមិនអាចចៀសរួចម្នាក់ណាឡើយ បើមិនដូច្នេះ មិនអាចប្រព្រឹត្តល្មើសបានឡើយ ។

ប្រភពដដែល បានបន្ដទៀតថា លោក ស្វាយ សំអាត ត្រូវគេអះអាងថា ជាមន្ត្រីចូលនិវត្តន៍ទៅហើយ ប៉ុន្តែថ្នាក់ដឹកនាំនៅក្នុងខេត្តនេះ ទាំងស្ថាប័នជំនាញ និងអាជ្ញាធរ សុទ្ធតែពេញចិត្តលោកស្វាយ សំអាត ដូច្នេះ ក៏ព្រមព្រៀងគ្នាពន្យារកំណើតជូនលោក ស្វាយ សំអាត ក៏ព្រោះតែលោកពូកែរកប្រាក់ជូនថ្នាក់លើ។

សូមបញ្ជាក់ថា បទល្មើសនេសាទ នៅបឹងទន្លេសាប មានដូចជា ៖ អូសអួនក្រឡាញឹក ហៅ បរ គឺធ្វើសកម្មភាពរាល់ថ្ងៃ មិនថា រដូវប្រាំង ឬវស្សា នោះឡើយ។ ឧបករណ៍នេះ ត្រូវគេសន្និដ្ឋានថា មានប្រហាក់ប្រហែល ៦ ឬ៧ រយខ្សែក្នុងភូមិសាស្ត្រស្រុកទាំងពីរខាងលើ។ រីឯនៅស្រុកបាកាន ក៏មានបទល្មើសដូចគ្នានេះដែរ។ ឧបករណ៍បរត្រូវបានគេប្រើប្រាស់សម្រាប់ចាប់ត្រីនៅក្នុងបឹងទន្លេសាប ជាចំហរ ក្នុងភូមិសាស្ត្រស្រុកកណ្តៀង និងស្រុកក្រគរ ក្រោមការការពារ(កាង) ដោយលោក ស្វាយ សំអាត។ លោក ស្វាយ សំអាត ដែលអាចឈរជើងប្រព្រឹត្តបទល្មើសបាន ក៏ដោយសារមាន ស្ថាប័នជំនាញ និងអភិបាលរងខេត្តម្នាក់ ជាអ្នកនៅពីក្រោយខ្នង។

មិនអាចសុំការបំភ្លឺពីលោក ស្វាយ សំអាត បាននៅឡើយទេ !

ប្រជាពលរដ្ឋ មានមុខរបរនេសាទ បានលើកឡើងថា ឆ្នាំនេះ ត្រីគឺកាន់តែក្រ ជាងឆ្នាំមុនទៅទៀត ហើយបទល្មើស នេសាទ កាន់តែកើនឡើង ទាំងរដូវបិទនេសាទ និងរដូវបើកនេសាទ ហេតុនេះ បើថ្នាក់លើ នៅតែជឿលើការ ភូត កុហក ពីមន្ត្រីខិលខូច ដែលនៅប្រចាំនៅទីនេះ គឺរលាយហើយ ។

ប្រជាពលរដ្ឋ សូមសំណូមពរទៅដល់លោក អេង ជាសាន ប្រធានរដ្ឋបាលជលផល ក៏ដូចលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មេត្តាជ្រាប និងចាត់វិធានការបង្ក្រាបឲ្យមានប្រសិទ្ធភាពផង ៕ ហេង នរិន្ទ្រ

លោកស្វាយ សំអាត

 


ចែករំលែក៖