ភ្នំពេញ៖ បុរសម្នាក់ខឹងគេមិនជួយលើកអីវ៉ាន់ឲ្យបង វាយ១ដបស្រាបែកក្បាលដេរជាង៣០ថ្នេរ។
ហេតុការណ៍នេះ បង្កឲ្យមានកាភ្ញាក់ផ្អើលកាលវេលាម៉ោង ៩យប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះជួលមិត្តភក្តិជនសង្ស័យ ជិតរោងចក្រQMI ស្ថិតនៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះ អ៊ុន សុផារី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបើករថយន្តរោងចក្រQMI ស្នាក់នៅភូមិ ជម្ពូវន្តសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ មានប្រពន្ធឈ្មោះ ខាន់ អន អាយុ៣៥ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅជាមួយគ្នា។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុរូបគាត់បានលើកអីវ៉ាន់ដាក់លើរថយន្តរបស់គាត់ហើយឈ្មោះឌី ត្រូវជាមិត្តភក្តិ ក៏លើកជាមួយដែរ តែរថយន្តផ្សេងគ្នា បន្ទាប់មករថយន្តជនរងគ្រោះបានពេញមុន ហើយត្រូវពេលចេញឈ្មោះឌី ខាងលើបាននិយាយថា លើកអីវ៉ាន់ដាក់ឡានពេញមុនអញ អត់ជួយលើកអញទេ ហ្អែងបានអញវាយទេ ពេលនោះខ្លួន(ជនរងគ្រោះ)បាននិយាយថា អញដល់ម៉ោងចេញហើយ អញអត់បានជួយលើកទេ។ លុះនៅពេលល្ងាច ចូលរថយន្តដាក់ក្នុងរោងចក្ររួច ខ្លួន(ជនរងគ្រោះ)បានទៅទិញម្ហូបទុកឲ្យប្រពន្ធ ចេញពីរោងចក្រ រហូតទិញបានហើយ យកមកដល់បន្ទប់ជួលវិញ ស្រាប់តែឈ្មោះឌី ដែលធ្លាប់ជាមិត្តរួមការងារបានបបួល ខ្លួន(ជនរងគ្រោះ)ទៅផឹកសុីនៅបន្ទប់ជួលមិត្តរបស់គេ(ឌី) នៅជាន់ទី២ ដោយមានគ្នា៦នាក់ ផឹកស្រាដប ស៊ុបភើ ខណៈដែលកំពុងផឹកៗ អស់ប្រមាណ២ទៅ៣ដប ឈ្មោះឌី បាននិយាយឌឺដងថា ហ្អែងលើកអីវ៉ាន់ពេញហើយ មិនជួយលើក អញសុំតែអញវាយទេ។
បន្ទាប់មកកំពុងឱន ស្រាប់តែបុរសម្នាក់ដែលត្រូវជាបងឈ្មោះឌី បានយកដបស្រាស៊ុបព័រ មកវាយមួយដប បណ្តាលឲ្យរយ៉ាស់ផ្នែកខាងឆ្វេងយ៉ាងជ្រៅនឹងអំបែងដបជាប់នឹងក្បាលយ៉ាងច្រើន ហើយជនបង្កដែលជាអ្នកវ៉ៃថែមទាំងគំរាមឲ្យលុតជង្គង់ឲ្យសុំទោស បើមិនសុំទោសទេអញនឹងវ៉ៃឲ្យងាប់។
ពេលនោះខ្លួនរូបគាត់បានលុតជង្គង់ទាំងបែកក្បាលឈាមហូរស្រោចពេញខ្លួន ហើយឈ្មោះឌី ខាងលើបានស្រែកថា អែងរត់ទៅបងអញវ៉ៃងាប់ឥឡូវហើយ រួចបានដើរទៅបន្ទប់ជួលរបស់ខ្លួនដោយយកអាវខ្ទប់ឈាមហើយដើរទៅផ្ទះ។ បន្ទាប់មកប្រពន្ធខ្លួន និងជិតខាងដែលត្រូវជាបងប្អូន បាននាំជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ សម្ភពជម្ពូវន្តដើម្បីព្យាបាល។
ក្រោយពេលកើតហេតុប្រពន្ធរងគ្រោះនឹងបងប្អូនមកប្តឹងប៉ុស្តិ៍នគរបាលចោមចៅ៣ដើម្បីជួយរកយុត្តិធម៌ជូនប្ដីគាត់៕ សុខាសែនជ័យ