ខេត្តរតនគិរី៖ ទន្ទឹមនឹងបទល្មើសដឹកជញ្ជូនឈើប្រណីតយ៉ាងសម្រុកឆ្លងទៅប្រទេសវៀតណាម សុទ្ធតែប្រើប្រាស់ប្រភេទរថយន្តយីឌុប ទាំងអត់ច្បាប់ ទាំងមានច្បាប់បន្លំដាក់លើស ក៏ដូចជាឈើខុសយថាប្រភេទជាដើម បានឆ្លងទៅប្រទេសវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវ គ្មានសមត្ថកិច្ចបង្ក្រាបនោះ បច្ចុប្បន្ននេះ សកម្មភាពដឹកជញ្ជូនឈើមានទាំងចរាចរណ៍តាមម៉ូតូ រថយន្តឡង់គ្រីស័រ រថយន្តកែច្នៃ យ៉ាងសន្ធឹកសន្ធាប់ ឆ្លងទៅប្រទេសវៀតណាមតាមច្រករបៀងយ៉ាងតិចចំនួន៣ក្នុងស្រុកអណ្តូងមាស គឺច្រករបៀងតាឡាវ ច្រកអូរសាជី និងច្រកអូរពាមសៀវ បានយ៉ាងរលូន ។
ប្រជាពលរដ្ឋរាយការណ៍មកថា សមត្ថកិច្ចអាជ្ញាធរឈរជើងនៅតំបន់នោះ តែងតែទទួលនូវកម្រៃពីសកម្មភាពឈ្មួញដឹកឈើប្រមូលតាមម៉ូតូ រថយន្តឡង់គ្រីស័រ និងរថយន្តកែច្នៃនៅតំបន់ញ៉ាង ហើយឈើមួយចំនួនធំទៀត ដឹកចេញពីតំបន់ព្រៃក្នុងចំណុចភូមិមុយ ភូមិតាំងជិ ភូមិតាំងស៊េ និងមួយផ្នែកទៀតដឹកជញ្ជូនចេញពីតំបន់ស្រុកតាវែង ឆ្លងកាត់ស្រុកអណ្តូងមាស តំបន់ញ៉ាង ដើម្បីដឹកជញ្ជូនឆ្លងទៅប្រទេសវៀតណាម។ បទល្មើសឈើចេញតាមច្រកទាំងបីខាងលើនេះគឺបានជាប់ពាក់ព័ន្ធជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ក៏ដូចជាយោធា នគរបាលព្រំដែន ទទួលយកសេវាពុករលួយនេះជាលក្ខណៈប្រព័ន្ធ ទើបទាំងច្រករបៀង និងច្រកអន្តរជាតិអូរយ៉ាដាវ ឈើឆ្លងទៅប្រទេសវៀតណាមយ៉ាងគំហុក ។
ប្រជាពលរដ្ឋរិះគន់ថា ការរិតបន្តឹងកាន់តែខ្លាំងដោយថ្នាក់លើ លើវិធានការបង្ក្រាបបទល្មើសព្រៃឈើ បែរជាបទល្មើសនេះកើនឡើងទ្វេដង និងចំហរ ខណៈសេវាបង់ថ្លៃដឹកជញ្ជូននេះខ្ពស់ជាងពេលមុនៗ ។ អាជ្ញាធរខេត្តរតនគិរី ក្នុងនាមជាសមាជិកគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ ហាក់ពុំបានយកចិត្តទុកដាក់សូម្បីបន្តិច ក្នុងយន្តការបង្ក្រាបបទល្មើសដឹកជញ្ជូនឈើខុសច្បាប់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង ក្នុងនោះ ភាគច្រើននៃក្រុមឈ្មួញចាំប្រមូលទិញឈើនាំទៅប្រទេសវៀតណាម ជាសមត្ថកិច្ច ជាមន្ត្រីរាជការ ក្លាយទៅជាវប្បធម៌ពុករលួយយ៉ាងខ្លាំងក្លានៅក្នុងខេត្តរតនគិរីនេះ។ ដោយឡែកច្រកអន្តរជាតិអូរយ៉ាដាវ រថយន្តដឹកជញ្ជូនឈើប្រភេទយីឌុប ឆ្លងទៅវៀតណាមម្តងទាំងខ្សែៗ មានទាំងពេលព្រឹក និងពេលយប់ ទុកឲ្យសមត្ថកិច្ចជាច្រើនស្ថាប័ន ដែលមានតួនាទី ភារកិច្ចក្នុងអនុក្រឹត្យប្រមូលយកកម្រៃពីបទល្មើសនេះ ហែកចែកគ្នាយ៉ាងសុខស្រួលបំផុត៕ សីលា