ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទម្នាក់ឯងបានសម្រេច ភ្លាត់ស្នៀត ត្រូវអ្នកដំណើរដេញតាមធាក់ដួលរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ព្រោះតែចង់បានលុយមូលម្នាក់ឯង ចេញធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីក្មេងស្រីម្នាក់កំពុងជិះម៉ូតូជាមួយឪពុក បានសម្រេចហើយព្យាយាមជិះម៉ូតូគេចខ្លួន តែត្រូវប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ ដេញធាក់ម៉ូតូដួល បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ។

ករណីឆក់ទូរស័ព្ទដៃខាងលើនេះ បានកើតឡើងកាលពីម៉ោង៦និង១០នាទី​ព្រឹក ​ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខ១៧៩C ផ្លូវ លេខ២១៥ ក្រុមទី៣៦ ភូមិ១៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

ជនសង្ស័យឈ្មោះ វុន សំណាង ហៅ ណាង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ លេខ៣៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ វ៉ាន់ អេង ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៥១៩ ផ្លូវលេខ៣៦៩ សង្កាត់ ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីក្មេងស្រីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបនាងជាមួយឪពុកឈ្មោះ វ៉ាន់ យី អាយុ៤៥ឆ្នាំ និងប្អូនប្រុសឈ្មោះ ប៊ី អាយុ១២ឆ្នាំ ​បានជិះម៉ូតូមួយគ្រឿងម៉ាក Honda C125 ស៊េរី2017 ពណ៌ខ្មៅ ចេញពីផ្ទះនៅម្ដុំពោធិ៍ចិនតុង ក្នុងគោលបំណងទៅផ្ទះនៅច្បារអំពៅ ដោយនាងជិះនៅខាងក្រោយគេ មានកាន់ទូរស័ព្ទ I phone 6 ពណ៌ទឹកមាស ដាក់នៅលើភ្លៅ លុះមកដល់ចំណុចមុខផ្ទះលេខ១៧៨C ផ្លូវលេខ២១៥ ក្រុមទី៣៦ ភូមិ១៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែជនសង្ស័យ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GG-6986 ម្នាក់ឯង មកពីក្រោយ ធ្វើសកម្មភាពឆក់ទូរស័ព្ទនាង​បានសម្រេច ហើយជិះគេចខ្លួន ភ្លាមនោះនាង​បាន​ស្រែកថាចោរៗ ហើយត្រូវបានអ្នកធ្វើដំណើរតាមផ្លូវមានគ្នាចំនួន៣នាក់ ជិះម៉ូតូដេញតាមពីក្រោយជនសង្ស័យ រហូតមកដល់ចំណុចផ្លូវ លេខ២៧១ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានធាក់ជនសង្ស័យ បណ្ដាលឲ្យដួលម៉ូតូរងរបួសធ្ងន់ ត្រូវបានដឹក យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សី។

ក្រោយកើតហេតុជនរងគ្រោះបានទទួលដំណឹងថា ជនសង្ស័យដែលឆក់ ទូរស័ព្ទដៃរបស់ខ្លួនបានដួលម៉ូតូរងរបួសសម្រាកនៅមន្ទីរពេទ្យរុស្ស៊ី​ ក៏ទៅមើលឃើញជនសង្ស័យពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ខ្លួន ពិតប្រាកដមែន ហើយដាក់ពាក្យបណ្ដឹងឲ្យ​សមត្ថកិច្ចចាត់ការជនល្មើស តាមច្បាប់។

ដោយឡែក​ទូរស័ព្ទ ដែលជនសង្ស័យធ្វើសកម្មភាពឆក់ សមត្ថកិច្ច បានធ្វើការប្រគល់ឲ្យ​ជនរងគ្រោះវិញ។ ចំណែកជនសង្ស័យកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សី សមត្ថកិច្ចកសាងសំណុំរឿង ដើម្បី​បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ ស តារា


ចែករំលែក៖