ខេត្តកំពង់ស្ពឺ៖ ជនរងគ្រោះម្នាក់ បានមកប្តឹងសមត្ថកិច្ច ឲ្យចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីជនសង្ស័យម្នាក់ បានយកកាំភ្លើងខ្យល់ ភ្ជង់គំរាមសម្លាប់កាលពីយប់នៅកន្លែងបង់ត្រី។ ករណីឃាត់ខ្លួននេះ បានធ្វើឡើង កាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧។
ប៉ូលិសអធិការដ្ឋានស្រុកភ្នំស្រួចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះអុន សុីន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិព្រៃកាហៀច ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ចំណែកជនសង្ស័យឈ្មោះសាំង សេង ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅបន្ទាយរកា ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ គាត់បានទាស់ពាក្យសម្តី តឹងសរសៃកដាក់គ្នាជាមួយជនសង្ស័យនៅកន្លែងបង់ត្រីក្នុងភូមិ១កន្លែង តែមិនទាន់ឈានដល់ប្រើអំពើហិង្សានៅឡើយទេ។ លុះក្រោយមក គាត់ឃើញជនសង្ស័យ វិលមកផ្ទះមុន។ ស្រាប់តែ១សន្ទុះក្រោយមក គាត់ឃើញជនសង្ស័យ ត្រឡប់មកកន្លែងបង់ត្រីវិញ ហើយបានយកកាំភ្លើងខ្យល់ (កាំភ្លើងបាញ់គ្រាប់កង់) មកភ្ជង់គាត់ដោយស្រែកគំរាមបាញ់ សម្លាប់។ លុះដល់វេលាព្រឹកថ្ងៃ ទី១ ខែធ្នូ ឆ្នាំ២០១៧ គាត់បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានភ្នំស្រួចឲ្យសមត្ថកិច្ច ជួយរកយុត្តិធ៌មឲ្យគាត់ផង។
នគរបាលដដែលបានឲ្យដឹងថា ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះរួច សមត្ថកិច្ចបានកោះហៅជនសង្ស័យ មកសាកសួរ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា គេពិតជាបានយកកាំភ្លើងខ្យល់ ភ្ជង់គំរាមប៉ងសម្លាប់ជនរងគ្រោះពិតមែន។
ដោយមានចម្លើយសារភាព សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យភ្លាមៗ រួចកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាន ដើម្បីបញ្ជូនឡើងតុលាការ ចាត់ការតាមនីតិវិធី៕ សេនាស័ក្តិ