ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថពោធិ៍សាត់ឃាត់ខ្លួនអ្នកអារឈើ២នាក់រួមទាំងវត្ថុតាង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្រ្កាបបទល្មើសធនធានធម្មជាតិព្រៃឈើ ក្នុងនោះឃាត់ខ្លួនជនសង្ស័យ ២នាក់រួមទាំងវត្ថុតាង(ម៉ាសុីនរណាយន្តអារច្រៀកឈើ)។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ក្នុងតំបន់ព្រៃភ្នំត្រង់ចំណុចដំណាក់គរគី ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកងកម្លាំងចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា ក្នុងនោះឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់រួមទាំងវត្ថុតាងម៉ាសុីនរណាយន្តអារច្រៀកឈើចំនួន ២គ្រឿងផងដែរ ជនសង្ស័យទី១ ឈ្មោះ អ៊ូម ញ៉ាតសៃ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ទី២ ឈ្មោះ សូរ ចាន់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង ២នាក់ រស់នៅភូមិប៉ាក់កែ ឃុំ.ស្រុកវឺុនសៃ ខេត្តរតនគីរី។

កិច្ចការប្រតិបត្តិការខាងលើនោះដែរ កម្លាំងបានរុករកឃើញ និងធ្វើការបង្រ្កាប(ឈើប្រភេទរាជកុល) ដែលគេអារដាច់ចេញពីគល់ដួលរលំរដូករណេលពេញព្រៃ និងអារច្រៀកឡាំងជ្រុង ដែលក្រុមជនល្មើសកំពុងប្រព្រិត្តជាក់ស្ដែងនៅតំបន់នោះ។

ជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាង(ម៉ាសុីនរណាយន្តអារច្រៀកឈើទាំង ២គ្រឿងដែរនោះ) បាននាំយកមកបន្តនីតិវិធីនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងឈើអារប្រភេទ(រាជកុល)កម្លាំងមិនទាន់បានប្រមូលយកមករក្សាទុកនៅឡើយនោះទេ៕ ប៉ឹម ពិន


ចែករំលែក៖